Ministry in Brief

តាម​ការ​ស្រាវ​ជ្រាវ​ឯកសារ​មួយ​ចំនួន​មិនទាន់​គ្រប់គ្រាន់​បាន​បង្ហាញ​ឃើញ​ថា​ក្រសួង​​សង្គម​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​កើត​ឡើង​ក្នុង​រយៈពេល​ជាង ៥០​ ឆ្នាំ​មក​ហើយ។

តាម​ការ​ស្រាវ​ជ្រាវ​ឯកសារ​មួយ​ចំនួន​មិនទាន់​គ្រប់គ្រាន់​បាន​បង្ហាញ​ឃើញ​ថា​ក្រសួង​​សង្គម​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​កើត​ឡើង​ក្នុង​រយៈពេល​ជាង ៥០​ ឆ្នាំ​មក​ហើយ។

          ក្រសួង​សង្គមកិច្ច ត្រូវ​បាន​កកើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៤៨ មាន​ឈ្មោះ​ថា “ក្រសួង​ពត៌មាន និង​សង្គម​កិច្ច” ដែល​មាន​​ឯកឧត្ដម ហ៊ុយ កន្ធុល ជា​រដ្ឋមន្ដ្រី។

          ចាប់ពី​ឆ្នាំ ១៩៤៩ រហូត​ដល់​ឆ្នាំ ១៩៧០ ក្រសួង​នេះ ត្រូវបាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ជា​ច្រើន ព្រម​ទាំង​អ្នក​ដឹក​នាំ​ជា​បន្ដ​បន្ទាប់ សរុប​ចំនួន ២៣​រូប រួម​មាន ៖
១.ហ៊ុយ កន្ធុល 
២. ម៉ម សុន 
៣. នាល ផ្លែង 
៤. ស៊ីសុវត្ថិ មុនីពង្ស 
៥. អ៊ុម សម 
៦. សាម​សុង​ហ្វ៊ែណង់ដេស 
៧. អូ ឈឺន 
៨. ឃួន ណៃ 
៩. នរោត្ដម ម៉ុង តាណា 
១០.ប៉ាល់ ជូន 
១១. ហឿ ឡាយអ៊ីន 
១២. ម៉ៅ ចយ 
១៣. ទូច គីម 
១៤. ញ៉ែម សុផល 
១៥. កេត ជួង 
១៦. ផូ ព្រឿង 
១៧. ឃឹម ឌិក 
១៨. ហង់ ផាន់ 
១៩. ពុង ប៉េងចេង 
២០. អ៊ឹង ហុង​សាធ 
២១. ហ៊ែល ស៊ុំផា 
២២. អ៊ឹង គៀត 
២៣. អ្នកស្រី ទិប ម៉ម។

          ចាប់ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ មាន​ថ្នាក់​ដឹក​នាំ​ចំនួន ៧​រូប រួម​មាន 
១. យ៉ែម សំបូរ 
២. ចៅ សេងអ៊ូ 
៣. ថាច់ ជា 
៤. លឿង ណាល់ 
៥. ថាច់ ទន 
៦.គង់ អ៊ន 
៧. ងួន ជាន។ ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ ក្រសួង​សង្គមកិច្ច​មាន​តែ​ឈ្មោះ ដែល​មាន​លោក​ស្រី អៀង ធិរិទ្ធ ជារដ្ឋមន្ដ្រី ។

         ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្ដន៍​កម្ពុជា​បានបង្កើត ”គណៈ​សង្គមកិច្ច” នៅថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​១៩៧៩ ដែល​ដឹក​នាំ​ដោយ​ឯកឧត្ដម នៅ សាមុំ ។

          នៅថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ គណៈ​សង្គម​កិច្ច ត្រូវ​បាន​ប្ដូរ​មក​ជា​ក្រសួង “សង្គមកិច្ច” ដឹក​នាំ​ដោយ​លោក ម៉ម សាប៊ុន ជារដ្ឋមន្ដ្រី ។

          នៅថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​១៩៩០ បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ក្រសួង “យុទ្ធជន​ពិការ និង​សង្គមកិច្ច” ដែល​មាន​ឯកឧត្ដម កុយ ប៊ុនថា ជា​រដ្ឋមន្ដ្រី ។

          ក្រោយ​ពេល​មាន​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នៅថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ១៩៩២ ក្រសួង​សង្គម​កិច្ច​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ក្រសួង “យុទ្ធជន​ពិការ សង្គម​កិច្ច និង​ការងារ” ដែល​មាន​ឯកឧត្ដម ដូ សូហាន់ ជា​រដ្ឋ​មន្ដ្រី។

          នៅថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​១៩៩៣ បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​រដ្ឋលេខាធិការ​ដ្ឋាន “សង្គម​កិច្ច ការ​ងារ និង​អតីត​យុទ្ធជន” ដែល​មាន​ឯកឧត្ដម ស៊ុយ សែម ជា​រដ្ឋលេខាធិការ ។

          នៅថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ក្រសួង “សង្គមកិច្ច ការងារ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​យុវនីតិ​សម្បទា” ហើយ​ចាប់​ពី​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០១៣ បាន​ប្ដូរ​ឈ្មោះ​​ទៅ​ជា​ក្រសួង “សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា” ដែល​មាន​ឯកឧត្ដម អ៊ិត សំហេង ជា​រដ្ឋមន្ដ្រី ។ ​បច្ចុប្បន្ន​នេះ​ ​ក្រសួង “សង្គម​​កិច្ច អតីត​​យុទ្ធ​ជន និង​​យុវ​នីតិ​​សម្បទា” មាន​ឯកឧត្តម វង សូត ជា​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៥ នេះ ។

ចាប់ពី​ឆ្នាំ​ ១៩៧៩ ដល់​ឆ្នាំ ​១៩៨៣ ទីស្ដីការ​ក្រសួង​សង្គមកិច្ច ស្ថិត​នៅ​អាគារ​លេខ ២៨ វិថី​ព្រះធម្ម​លិខិត​អ៊ុក (ផ្លូវលេខ ១៨៤) សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ ។

          ចាប់ពី​ឆ្នាំ ​១៩៨៣ ដល់​ឆ្នាំ​ ២០០០ ទីស្ដីការ​ក្រសួង​សង្គមកិច្ច ស្ថិត​នៅអាគារ​លេខ ៦៨ មហាវិថី ព្រះនរោត្ដម ទល់​មុខ​វិទ្យាល័យ​ព្រះស៊ីសុវត្ដិ ។

          ទីតាំង​ទីស្ដី​ការ​ក្រសួង​នេះ នៅ​ក្នុង​ទស​វត្ស​៦០ និង​ដើម​ទស​វត្ស​៧០ ជា​មជ្ឈ​មណ្ឌល​ជន​ចាស់​ជរា និង​មណ្ឌល​ទារិកា​ទន្សាយ ។

         នៅ​ក្នុង​របប ប៉ុល ពត ទីនេះ​ជា​មន្ទីរ​ឃុំ​ឃាំង។ ក្រោយឆ្នាំ​១៩៧៩ ទីនេះ​​ជា​​ទីតាំង​កង​ទ័ព ក្រោយ​មក​បាន​ប្រគល់​ជូន​ក្រសួង​សង្គមកិច្ច​នៅ​អំឡុង​ឆ្នាំ​១៩៩២ ដើម្បី​ធ្វើ​ជា​មជ្ឈ​មណ្ឌល​​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ។

          ឆ្នាំ ២០០០ បាន​រៀបចំ​ធ្វើ​ជា​ទីស្ដី​ការ​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ។

          ឆ្នាំ ២០០៧ ចាប់​ផ្តើម​សាងសង់​អគារ​ទីស្តី​ការ​ក្រសួង​ថ្មី  និង​បាន​សាង​សង់​ហើយ​រួច​រាល់​​ជា​ស្ថាពរ​នៅឆ្នាំ ២០០៨ ។

        ទីស្ដី​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បច្ចុប្បន្ន​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​​​ជា​ផ្លូវ​ការ  នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ៕