ឯកឧត្តម​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ នៃ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ
PrinterEmail
ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច, ព្រឹកថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ២០១៥ ឯកឧត្តម វង សូត រដ្ឋមន្រ្​តីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ នៃ​អង្គការ​កាក​បាទ​ក្រហម​អន្តរ​ជាតិ (ICRC) ដែល​​ដឹក​នាំដោយ​លោក Bart Veimeiren ប្រធាន​បេសក​កម្ម​របស់​អង្គការ ICRC ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​លើ​វិស័យ​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​កម្ពុជា ។

          លោក លោក Bart Veimeiren ប្រធានបេសកកម្មរបស់អង្គការ ICRC មានប្រសាសន៍ថា គោលបំណងរបស់លោកនាពេលនេះ គឺចង់ជម្រាបពីផែនការសកម្មភាព របស់អង្គការក្នុងឆ្នាំ២០១៥ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០១៦ លើវិស័យស្តារលទ្ធភាពពលកម្មកាយសម្បទា ។

          លោកក៏បានសន្យាយ៉ាងមុតមាំថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ចឲ្យរិតតែ​ល្អប្រសើរ​ដើម្បីបន្តឧបត្ថម្ភ និងជួយទៅដល់ការផលិត ផលិតផលសិប្បនិម្មិតទៅដល់ជនពិការ បម្រើដល់វិស័យស្តារលទ្ធភាពពលកម្មកាយសម្បទាទទួលបាននូវភាពជោគជ័យ និងបានទូលំ​ទូលាយ​នៅប្រទេសកម្ពុជា ។

          ជាការឆ្លើយតបឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​អង្គការ ICRC ដែលមានសហការល្អជាមួយក្រសួងសង្គមកិច្ច ដែលនេះគឺជាសកម្មភាពមនុស្សធម៌មួយ ក្នុងការជួយដល់បង​ប្អូន​ជន​ពិការ​នៅកម្ពុជា ។

          ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងទៀតថា កន្លងមកអង្គការកាកបាទក្រហមអន្តរជាតិ បានជួយគាំទ្រជាច្រើន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផ្ទាល់ ក្នុងការផលិតឧបករណ៍សិប្បនិម្មិត និងរណប សម្រាប់ជួយដល់ជនពិការ និងកិច្ចការផ្សេងទៀតដែលពាក់ព័ន្ធ ប៉ុន្តែសម្រាប់ពេលអនាគតអង្គការមិនអាចនៅស្ថិតស្ថេរ ជាមួយនឹងកម្ពុជាបាននោះទេ ដូច្នេះហើយកម្ពុជាត្រូវមានសមត្ថភាព ដើម្បីបន្តនិរន្តភាពការងារនេះដោយខ្លួនឯង។

          ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើទៅដល់ លោកប្រធានបេសកម្ម របស់អង្គការកាកបាទក្រហមអន្តរជាតិ ឲ្យបន្​តគាំទ្រដល់កម្ពុជា នៅរយៈពេល​វែងបង្គួរមួយ មុនពេលកម្ពុជាមានសមត្ថភាព អាចដំណើរការដោយផ្ទាល់ខ្លួន។គួរបញ្ជាក់ផងដែរថា អង្គការកាកបាទក្រហមអន្តរជាតិ បានចាប់ផ្តើមកម្មវិធីដំបូងនាឆ្នាំ១៩៩២ ដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយជួយលើកម្មវិធីចំនួន៣ រួមមាន ៖ រោងចក្រផលិតឧបករណ៍សិប្បនិមិ្មតនិងរណបភ្នំពេញ, រោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តបាត់ដំបង និងមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទា ខេត្តកំពង់ស្ពឺ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend