លោកជំទាវ​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញ​ជា​អធិបតីភាព ក្នុង​ខួប​លើក​ទី​៦៦ នៃ​ទិវា​កុមារ​អន្តរ​ជាតិ ខួប​លើក​ទី​១៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា ០១ មិថុនា ២០១៥
PrinterEmail
ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          លោក​ជំទាវ ម៉ែន សំអន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មាន​ប្រសាសន៍​ថា “ រាជរដ្​ឋាភិបាល​កម្ពុជា បាន​​ជំរុញ​ការ​លុប​​បំបាត់​​ទម្រង់​​ធ្ងន់​ធ្ងរ នៃ​ពលកម្មកុមារ ដោយផ្អែក​លើ​គោលការណ៍​ចម្បង​គឺ៖ ១ ការ​ដក​ហូត​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្​មកុមារ ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​ការ​អប់រំ​បណ្តុះ​​បណ្តាល​​​វិជ្​ជាជីវៈ និង​សមាហរណ​កម្ម​ទៅ​ក្នុង​សង្គម ២. កិច្ចសហការ​ជាមួយ​សង្គមស៊ីវិល និង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​ស្ត្រី និងកុមារ  និង ៣.      លើកកម្ពស់ការងារសមរម្យ និង​សុវត្ថិភាព​​​ការងារ​កុមារ “ ។

          លោកជំទាវឧបរដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងដូច្នេះកាលពីព្រឹកថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៥ នៅឯ​មជ្ឈមណ្ឌលកៅពេជ្រ ក្នុងពេលអញ្ជើញអធិបតីភាព ក្នុងពិធីមិ​ទ្ទិញអបអរសាទរ​ខួបលើក​ទី៦៦ នៃ ទិវាកុមារអន្តរជាតិ និង ទិវាកុមារកម្ពុជា ១ មិថុនា ក្រោម​ប្រធានបទ      “ លើក​កម្ពស់​អាហារូបបត្ថម្ភ​ប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍កុមារ ” និង​ខួប​​លើក​​ទី១៤ ទិវាពិភព​លោក​ប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ    “ គ្មានពលកម្មកុមារ ផ្តល់ការអប់រំ​ដែលមានគុណភាព “ ដែលបានអញ្ជើញចូលរួមដោយ​មានការចូលរួម​ពីមន្ត្រីជាតិអន្តរជាតិ និង កុមារជាច្រើនកុះករផងដែរ ។

          ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជា​ប្រធាន​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងថា រាជរដ្ឋាភិបាល បានកំណត់ការងារកុមារ​ជាអាទិភាព នៅក្នុងកម្មវិធីនយោបាយ និងបានបញ្ចូលការងារកុមារ ក្នុងឯកសារយុទ្ធសាស្រ្ត​ជាតិនានា ដូចជា សេចក្តីថ្លែងការណ៍ ស្តីពីកម្ពុជាដើម្បីកុមារ គោលនយោបាយជាតិ ស្តីពីការ​គាំពារ និងអភិវឌ្ឍន៍កុមារតូច គោលនយោបាយថែទាំជំនួសចំពោះកុមារ បទដ្ឋាន និងគោល​ការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និង ការការពារកុមារកំព្រា និងកុមារងាយ​រងគ្រោះ គោលការណ៍ការពារសិទ្ធិកុមាររងគ្រោះដោយសារការជួញដូរ យុទ្ធសាស្រ្តសុខាភិបាល ឆ្នាំ២០០៨-២០១៥ គោលនយោបាយជាតិស្តីពីអាហាររូបបត្ថម្ភ យុទ្ធសាស្រ្តជាតិស្តីពី​សុខភាព​បន្តពូជ សុខភាពផ្លូវភេទ គោលការណ៍ណែនាំសម្រាប់ការអនុវត្តការ​ចូលរួមរបស់កុមារ ជាំដើម ហើយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាន​រៀបចំផែនការជាតិអភិវឌ្ឍន៍កុមារ ឆ្នាំ២០១៤-២០១៨ ហើយនឹងត្រូវដាក់​ជូនរាជរដ្ឋាភិបាលអុនម័ត នាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពី​បាន​ឆ្លងការពិនិត្យ ផ្តល់យោបល់ពីសមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររួច ។

          ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងសង្គមកិច្ច បានអនុវត្តកំណែទម្រង់ការ​ថែទាំកុមារ​កំព្រានៅតាមមណ្ឌលរបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ស្របតាមគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារ ។ បច្ចុប្បន្ន មានមណ្ឌលកុមារកំព្រា​ចំនួន ២០៨ កន្លែង (ថយចុះ ១៧ កន្លែង) បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការ សរុបចំនួន ១០.៤១៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២ កន្លែង បានទទួលចិញ្ចឹម​កុមារ​កំព្រាចំនួន ២.០៧០នាក់ ដោយទទួលបាននូវសេវាស្នាក់នៅ ហូបចុក អប់រំ បណ្តុះបណ្តាល​វិជ្ជា​ជីវៈ និងការធ្វើសមាហរណកម្មទៅរស់នៅតាមគ្រួសារ និងសហគមន៍វិញ ។

          ទន្ទឹមនេះដែរ ក្រសួង ក៏បានប្រកាសបិទមណ្ឌលថែទាំកុមារ ចំនួន ១១ មណ្ឌល ដែលមិនបាន​អនុវត្តតាម​គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីការថែទាំជំនួសចំពោះកុមារ និងបានធ្វើអធិការ​កិច្ច​មណ្ឌលថែទាំកុមារនៅទូទាំងប្រទេស ។ ចំពោះប្រព័ន្ធយុត្តិធម៌វិញ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ថា ប្រព័ន្ធយុត្តិធម៌កុមារ​មេត្រីមាន​ការរីកចម្រើន ដោយមន្រ្តីយុត្តិធម៌មានការយល់ដឹងអំពីនីតិវិធីកុមារមេត្រី ហើយបាន​យកវិធីនេះមកដោះស្រាយរឿងក្តីដែលទាក់ទងនឹងកុមារ  ៕ 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend