ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ទិវា​អូទូស្សឹម​ពិភព​លោក​លើក​ទី​៨ និង​ទិវា​អូទីស្សឹម​កម្ពុជា​លើក​ទី​២
PrinterEmail
ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៥ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

​          ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្​នាំ២០១៥ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម វង សូត រដ្ឋមន្ត្​រីក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​​យុវនីតិ​​សម្បទា និង​ជាប្រធាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ទិវា​អូទីស្សឹម​ពិភព​លោក​លើក​ទី​៨ និង​ទិវា​អូទីស្សឹម​កម្ពុជា​លើកទី​២ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​​សំណាក់​ឯកឧត្តម លោកជំទាវ ​ដែល​ជា​ថ្នាក់​​ដឹក​​នាំ មន្រ្​តីរាជការ សមាជិក នៃ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ អង្គការ​ដៃ​គូ​​ពាក់​ព័ន្​ធជាតិ និង​អន្តរ​ជាតិ និង​បង​ប្អូន​ជន​ពិការ​ខ្សោយ​សតិបញ្ញ សរុប​ប្រមាណ ៥០០ នាក់ ។

          ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា នៅកម្ពុជា​ទិវានេះ គឺត្រូវ​បានរៀបចំឡើងជាលើកទី២ហើយ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការចូលរួម​របស់​បង​ប្អូនជន​ពិការខ្សោយសតិបញ្ញា-អូទីស្សឹម ឲ្យកាន់តែច្រើនឡើងៗ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបន្តការ​ផ្សព្វផ្សាយដល់សាធារណៈជន បានយល់បន្ថែមអំពីផលវិបាក នៃបងប្អូនជនពិការខ្សោយសតិបញ្ញា-អូទីស្សឹមនេះ ព្រោះថាជនពិការគ្រប់ប្រភេទនេះតែងមានអារម្មណ៍ឯកោ មានការខ្មាស់អៀន ចំពោះមជ្ឈដ្ឋានទូទៅ ពិសេស​យល់ថាខ្លួនបាត់បង់ឱកាសក្នុងការទទួលការអប់រំដូចជនមិនពិការដទៃទៀត ។

          ឯកឧត្តមបានបន្តទៀតថា ក្នុងនាម​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តមពិតជាមានជំនឿថា កុមារទាំងអស់ដែល​មានបញ្ហាខ្សោយសតិបញ្ញា-អូទីស្សឹម គឺពិតជាអាចចូលសិក្សាបាន ដោយគ្រន់តែចំណាយពេលយូរបន្តិច និងដើរ​លើផ្លូវដែលពិបាក ប៉ន្តែយើងទាំងអស់គ្នា គឺអាចជួយពួកគេបាន ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសកម្មភាព​ជន​ពិការ តែងតែបានយកចិត្តទុកដាក់គិតគូរអំពីការវិវឌ្ឍន៍របស់កុមារខ្សោយសតិបញ្ញា ហើយលើកទឹកចិត្តដល់ប្អូនៗ​ទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង តស៊ូបន្ថែមទៀត ដោយត្រូវមានភាពក្លាហាន និងមានជំនឿលើខ្លួនឯងផ្ទាល់ ជាជាងការដាក់ខ្លួនពឹងផ្អែកលើព្រងកម្មវាសនា ។

          ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកជម្ងឺ​ខ្សោយសតិបញ្ញា-អូទីស្សឹម គឺមានបញ្ហាលំបាកក្នុងការនិយាយ ការធ្វើចលនា ដែលទាមទារឲ្យយកចិត្តទុកដាក់ និងបញ្ហាសុខភាពរាងកាយ ដូចជាការគេង និងការរំខាន នៃក្រពះពោះវៀន ។ ហើយនៅប្រទេសកម្ពុជា ចំនួនជន​ពិការខ្សោយសតិបញ្ញា និងពិការខួរក្បាលមានចំនួនរហូតដល់ ១២,៥៣% នៃចំនួនជនពិការ សរុប ២,០៦ % ។ ភាគច្រើន នៃជនពិការប្រភេទខ្សោយសតិបញ្ញា និងពិការ​ខួរក្បាលនេះ គឺរស់នៅខេត្តបាត់ដំបង កំពង់ចាម និង​ព្រៃវែង ។

          មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ បានសម្តែង​នូវ​ការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ​ដៃគូ​ធ្វើការលើវិស័យពិការភាពនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមសហការគ្នា​អនុវត្តការងារ​ពាក់​ព័ន្ធ​ពិការភាពនេះ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ។

          ឯកឧត្តមរដ្ឋលេខាធិការ បានគូស​បញ្ជាក់ថា ការប្រារព្ធទិវានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពោលគឺបង្ហាញពីការចូលរួមចំណែក​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងគោរពសិទ្ធជនពិការស្របតាម​ច្បាប់ស្តីពីកិច្ចការពារ និងលើក​កម្ពស់​សិទ្ធិ​ជនពិការ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០០៩ ។ លើសពីនេះ គឺបង្ហាញ​អំពី​ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេស​ការ​ប្រកាស​ឲ្យអនុវត្តទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ “ ធ្វើឲ្យសិទ្ធិក្លាយជាការពិត “ ។ ក្នុងនោះផងដែរ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ បានចែងថា ជនពិការសតិបញ្ញា មានសិទ្ធិ និងសេរីភាពដូចពលរដ្ឋទូទៅដែរ ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend