ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋ​លេខា​ធិការ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន នៅ​មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ ខណ្ឌ​សែន​សុខ
PrinterEmail
ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៤ អត្ថបទ និងរូបភាពដោយ ជា សុវណ្ណារ៉ា

          កាល​ពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៤ ឯកឧត្តម ឆាយ វណ្ណា អនុ​រដ្ឋលេខា​ធិការ​ក្រសួង​សង្គម​កិច្ច អតីត​​យុទ្ធជន និង​យុវនីតិ​​សម្បទា បាន​ចុះ​សួរ​សុខ​ទុក្ខ​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន និង​​ប្រជុំ​ពិភាក្សា​ដើម្បី​​ពង្រឹង​ការ​គ្រប់​គ្រង​នីតិវិធី​ដើម្បី​ព្យាបាល​ជន​រង​គ្រោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ ខណ្ឌ​សែន​សុខ រាជធានី​​ភ្នំពេញ ។

          លោក អ៊ូ ស៊ីផាណារិទ្ធិ ប្រធាន​មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ មាន​ប្រសាសន៍​ថា មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ​​បាន​​ទទួល​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន​តាំង​ពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០០៦ ដល់​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៤ (រយៈពេល​៩​ឆ្នាំ) បាន​ចំនួន ៧.៨៦០នាក់ ក្នុងនោះបានបញ្ជូនទៅឲ្យឳពុកម្តាយឬអាណាព្យាបាល​គ្រប់គ្រងវិញ​ចំនួន ៧.០៩៤នាក់ នៅ​សល់​កំពុង​គ្រប់​គ្រង​ជាក់​ស្តែង​ចំនួន ៤២៥នាក់ បុរស ៣៩៣នាក់ នារី ៣២នាក់ ហើយក្នុងនោះ ជនរងគ្រោះទាំងអស់ភាគច្រើនមានអាយុពី ១៨​-២៥​ឆ្នាំ អាយុពី ២៥ឆ្នាំឡើង មានតិចតួច ។

          លោក​បាន​បន្ត​ទៀត​​ថា មជ្ឈ​មណ្ឌល​បាន​ធ្វើ​ការ​អប់​រំ ព្យាបាល ស្តារនីតិ​សម្បទា និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ពោល​គឺ​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​ជនរង​គ្រោះ​ទាំង​ពល​កម្ម ទាំង​ពេល​សម្រាក និង​ទទួល​ទាន​អាហារ ដោយផ្តល់ជាមតិ​ណែនាំ​សំណេះ​សំណាល​ជា​លក្ខណៈ​គ្រួសារ គួបផ្សំ និងការអប់រំ ដើម្បីឲ្យក្មួយជាជនរងគ្រោះធ្វើការកែប្រែនូវ​ឥរិយាបថ ឲ្យ​លះ​បង់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន និងស្គាល់អំពីផលវិបាក នៃការប្រើប្រាស់គ្រឿងញៀនហើយទទួល​យក​ការ​បណ្តុះ​បណ្តាល​រៀន​សូត្រ​ដើម្បី​កសាង​អនាគត​របស់​ខ្លួន ។ លើសពីនេះ មជ្ឈមណ្ឌលបានណែនាំឲ្យជន​រងគ្រោះ​គោរព​ឲ្យ​បាន​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ការ​អនុវត្ត​នូវ​គោល​ការ​ណ៍ ៤មិនៈគឺ មិន(ជក់បារីគ្រឿងស្រវឹងញៀន​គ្រឿង​ញៀន), មិនគេចរៀនឬរត់ចេញពីមជ្ឈមណ្ឌល, មិនលេង​ល្បែង​ស៊ី​សង​មិន​ហឹង្សា និង ៤​មានៈគឺ មានវិន័យ​,​ មាន​គុណធម៌, មានបំណិនជីវិត និងមានការប្រលងប្រណាំង ។   

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខា​ធិការ​ក្រសួង​សង្គម​កិច្ច ក៏​បាន​សម្តែងនូវ​ការ​​កោត​សរ​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់មជ្ឈមណ្ឌលឱកាសខ្ញុំ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​គួរ​ឲ្យ​កត់​សម្គាល់ ។ លើសពីនេះ​ឯកឧត្តមក៏បានផ្តល់ការណែនាំឲ្យមជ្ឈមណ្ឌលពង្រឹងការគ្រប់គ្រងនីតិវិធី ដើម្បី​ឲ្យ​ការ​ព្យាបាល​ដល់​ជន​រង​គ្រោះ​​ដោយសារ​គ្រឿង​ញៀន​ទទួល​បាន​នូវ​ប្រសិទ្ធ​ភាព​ខ្ពស់ ។

          បន្ទាប់​ពី​កិច្ច​ប្រជុំ​បាន​ចប់ ឯកឧត្តម ឆាយ វណ្ណា និង​គណៈ​​ប្រតិភូ​បាន​អញ្ជើញ​ទស្សនៈ​កិច្ច​អគារ​នៅក្នុង​មណ្ឌល​ និង​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​យុវជន​ដែល​​ជា​​ជន​រង​គ្រោះ​​ដោយ​គ្រឿង​ញៀន ​និង​បាន​ពន្យល់​ណែនាំ​ឲ្យ​ក្មួយ​ៗ​យុវជន ខិត​ខំ​កែ​ប្រែ​ខ្លួន​លះ​បង់​ការ​ប្រើ​ប្រាស់​​គ្រឿង​​ញៀន​ ដើម្បី​​ក្លាយ​ជា​ពលរដ្ឋ​ក្នុង​សង្គម​នា​ពេល​អនាគត ៕   

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend