ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​កម្ពុជា ដែល​នឹង​ត្រូវ​ចូលរួ​មកម្មវិធី​ផ្លាស់ប្តូរ​ទំនាក់ទំនង​និស្សិត អាស៊ាន​-​ឥណ្ឌា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ស្នើ​សុំអ​នុសាសន៍
PrinterEmail
ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          នៅព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​កម្ពុជា​ចំនួន ២៥​រូប ដែល​នឹង​ត្រូវ​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​និស្សិត​អាស៊ាន​-​ឥណ្ឌា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ស្នើ​សុំ​អនុសាសន៍​មុន​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា ។

          លោក ឯម ពិសិដ្ឋ ប្រធាន​គណៈ​ប្រតិភូ​ដឹកនាំ​ក្រុម​យុវជន បាន​ឲ្យ​ដឹង​ថា កម្មវិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​និស្សិត​អាស៊ាន​-​ឥណ្ឌា នៅ​ប្រទេស​ឥណ្ឌា​នេះ មាន​រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ ក្នុង​ន័យ​ដើម្បី​កសាង​នូវ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ របស់​និស្សិត​ អាស៊ាន​-​ឥណ្ឌា ឲ្យ​បាន​យល់ដឹង​ពី​វប្បធម៌ សេដ្ឋកិច្ច និង​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​តំបន់ ប្រកប​ដោយ​សក្តានុពល​ទាំងពីរ​ នៃ​ទ្វីប​អាស៊ី ហើយ​កម្មវិធី​នេះ​ស្ថិត​ក្រោម​ប្រធាន​បទ “ការ​កសាង​ភាព​ជាដៃ​គូ​យុវជន​តាម​រយៈ​សហ​គ្រិន​ភាព” ។

          លោក​បាន​បន្ត​ទៀត​ថា កម្មវិធី​នេះ​ចែក​ចេញ​ជា ២​វគ្គ៖ វគ្គទី​១ មាន​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និង​ម៉ាឡេស៊ី និង​វគ្គទី​២ មាន​ប្រទេស​ភូមា ហ្វីលីពីន សង្ហឹបូរី ថៃ និងវៀតណាម ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ​ចំពោះ​ក្មួយ​ៗ​យុវជន​វ័យ​ក្មេង ដែល​ជា​តំណាង​ឲ្យ​យុវជន​កម្ពុជា​ទាំងអស់ ដែល​មាន​ឱកាស​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​និស្សិត​អាស៊ាន​-​ឥណ្ឌា នៅ​ប្រទេស​ឥណ្ឌា ដែល​កម្ម​វិធី​នេះ​ពិត​ជា​មាន​សារៈ​សំខាន់ និង​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ចលនា​យុវជន​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ក្មួយ​ៗ​យុវជន ដើម្បី​ឲ្យ​ទទួល​បាន ជោគ​ជ័យ​នៅ​ក្នុង​ការ​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​និស្សិត​អាស៊ាន​-​ឥណ្ឌា សំខាន់​បំផុត​គឺ ក្មួយៗ​ត្រូវ​មាន​ឯកភាព​ផ្ទៃ​ក្នុង និយាយ​រួម​គឺត្រូវតែ​ជា​ក្រុម​ដែល​មាន​ស្មារតី​រួម មាន​សាមគ្គី​ភាព ចេះ​ស្រឡាញ់ និង​ថែរក្សា​គ្នា ក៏ដូចជា​ចេះយក​ចិត្ត​ទុក​ដាក់​គ្នា​ទៅវិញ​ទៅមក​ដូច​បង​ប្អូន ។  

          ឯកឧត្តម​ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​ ត្រូវ​តែ​ខិត​ខំ ពាំនាំ​ទៅ​ជាមួយ​នូវភាព​រុងរឿង​នៃ​ប្រពៃណី វប្បធម៌ និង​ទំនៀម​ទំលាប់​របស់​ខ្មែរ​យើង និង​ត្រូវ​សមាហរណកម្ម​ខ្លួន យើង​ទៅ​នឹង​មិត្ត​និស្សិត​ដែល​មកពី​ប្រទេស​ទាំងបួន​ផ្សេង​ទៀត​ផង​ដែរ ។

          ឯកឧត្តម​ក៏​បាន​បន្ត​ទៀតថា ប្រទេស​ឥណ្ឌា​គឺ​ជា​ប្រទេស​មួយ​ធំ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក​បន្ទាប់ពី​ប្រទេស​ចិន ដូច្នេះ​កម្មវិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​និស្សិត​អាស៊ាន​-​ឥណ្ឌា​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ក្មួយៗ​ទាំង​អស់ ដើម្បី​សិក្សា​ស្វែង​យល់ និង​ដក​បទ​ពិសោធន៍​អំពី​សក្តា​នុពល​របស់​ប្រទេស​ឥណ្ឌា ហើយ​ត្រូវ​យក​ចំណេះ និង​បទ​ពិសោធន៍​នៅ​ទី​នោះ ដើម្បី​មក​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត ព្រោះ​ក្មួយ​ៗ គឺ​ជា​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ និង​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ​នា​ពេល​អនាគត ។

          ជាទីបញ្ចប់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ក៏​បាន​ជូនពរ​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​និស្សិត​អាស៊ាន​-​ឥណ្ឌា របស់​ក្មួយ​ៗ ទាំង​អស់ ប្រកប​ដោយ​ភាព​ជោគជ័យ និង​សុខ​សុវត្ថិភាព ព្រម​ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏បាន​ឧបត្ថម្ភ​ថវិកា មួយ​ចំនួន​ដល់​ក្មួយ​ៗ​យុវជន​ទាំង ២៥​នាក់ នោះ​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend