ឯកឧត្តម​បណ្ឌិត​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​សង្គម​ពោធិ៍សែនជ័យ
PrinterEmail
ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ពោធិ៍សែនជ័យ ស្ថិត​នៅក្នុង​ភូមិធ្លក សង្កាត់​គោករការ ខ័ណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ នៅព្រឹក​ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៣ ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​លោក ហ៊្វូមីអូ យ៉ាម៉ាដា ប្រធាន​អង្គការ​សមាគម​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (JCIA) ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា កិត្តិយស​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង និង​សប្បុរស​ជន ដែល​បាន​រួមចំណែក​ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​នេះ​ផងដែរ ។

          របាយការណ៍​ស្វាគមន៍​របស់​លោក ថូ ប៊ុនធី នាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ពោធិ៍សែនជ័យ បាន​គូស​បញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ បាន​សាងសង់​ឡើង​លើ​ផ្ទៃដី​ទំហំ ១៦.២០០ ម៉ែត្រ​ការ៉េ ដែល​សរុប​មាន ៩​អគារ ក្នុង​នោះ​មាន៖ អគារ​បណ្ណា​ល័យ អគារ​រដ្ឋបាល សាល​ប្រជុំ រោងជាង អគារ​ស្នាក់នៅ​សម្រាប់​សិក្ខា​កាម​ជា​នារី អគារ​ស្នាក់​នៅ​សម្រាប់​សិក្ខា​កាម​ជា​បុរស ផ្ទះ​បាយ អគារ​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន និង​អគារ​ផលិត​ស្ករ​គ្រាប់ ធ្វើ​តែ និង​កាហេ្វ ដែល​អគារ​ទាំងអស់​នេះ​ត្រូវ​បាន​បំពាក់​ដោយ​សម្ភារៈ និង​ឧបករណ៍​ទំនើប​ៗ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការចាំបាច់​របស់​មជ្ឈ​មណ្ឌល ។

          តមក​លោក ហ៊្វូមីអូ យ៉ាម៉ាដា ប្រធាន​អង្គការ (JCIA) មាន​ប្រសាសន៍​ថា ដោយ​មើល​អំពី​សារៈសំខាន់​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ដល់​ជន​ពិការ និង​ប្រជាពលរដ្ឋ​ក្រី​ក្រ ដើម្បី​ផ្តល់​ជំនាញ​វិជ្ជា​ជីវៈ និង​ផ្តល់​ឱកាស​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ក្នុងការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ពឹង​ផ្អែក​លើ​អ្នក​ដ៏ទៃ ទើប​លោក​សម្រេច​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុងការ​អនុវត្ត​កម្មវិធី​របស់​មជ្ឈមណ្ឌល​នេះ ។

          មាន​មតិ​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​បេសកកម្ម​ដ៏​ថ្លៃ​ថ្លា ប្រកប​ដោយ​ឆន្ទៈ និង​មនុស្សធម៌​របស់​អង្គការ JCIA ដែល​បាន​បង្កើត​កម្មវិធី​អប់រំ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ និង​ស្វែង​រក​ការងារ​ធ្វើ​ជូន​ជន​ពិការ​កម្ពុជា និង​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ជា​ច្រើន ។

          ឯកឧត្តម​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ទៅ មជ្ឈ​មណ្ឌល​នឹង​ធ្វើ​ការ​ជ្រើស​រើស​សិក្ខា​កាម​ជា​ជន​ពិការ និង​ជន​ក្រីក្រ មក​ធ្វើ​ការ​បណ្តុះ​បណ្តាល​លើជំ​នាញ​ជួសជុល​ម៉ូតូ ជួសជុល​គ្រឿង​អេឡិច​ត្រូនិច ជួសជុល​រថយន្ត គ្រឿងចក្រ​កសិកម្ម បង្រៀន​កាត់ដេរ​សម្លៀក​បំពាក់ និង​កាបូប បង្រៀន​កុំព្យូទ័រ បង្រៀន​ធ្វើ​ស្ករ​គ្រាប់ តែ កាហ្វេ និង​ធ្វើការ​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន​ក្នុង​រយៈពេល​មួយ​ឆ្នាំ ដោយ​មិនមាន​ការ​បង់​ថ្លៃ ជាពិសេស​ទៅ​ទៀត​នោះ សិក្ខា​កាម​ទាំង​អស់​នឹង​ត្រូវ​ទទួល​បាន​ការ​ស្នាក់​នៅ ការ​ថែទាំ​សុខភាព របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​អាហារ​បីពេល​ក្នុង​មួយ​ថ្ងៃ​​ផង​​ដែរ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា ការ​កសាង​សមត្ថភាព​ជំនាញ វិជ្ជា​ជីវៈ​ដល់​ជន​ពិការ គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការ​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ វិសម​ភាព ភាពងាយរង​គ្រោះ​របស់​ប្រជា​ពលរដ្ឋ និង​កិច្ច​ការពារ​សង្គម ហើយ​ឯកឧត្តម​ចង់​ឃើញ​ជន​ពិការ​ទាំងអស់ ក្រោយពី​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​នៅ​ទី​នេះ ទទួល​បាន​ការងារ​ធ្វើ និង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ។

          ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលតែងតែងយកចិត្ត ទុកដាក់ចំពោះជនពិការ ជាក់ស្តែង​រាជរដ្ឋា​ភិ​បាល​កម្ពុជា បាន​បង្កើត​ច្បាប់​ស្តីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​ក្នុង​ប្រវត្តិ​កម្ពុជា​ពីមុន​មក​មិន​ដែល​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ជន​ពិការ​ទេ ដោយ​ឡែក កាលពី​ថ្មីៗ​​នេះ កម្ពុជា​ទើប​តែបាន​ប្រារព្ធ​ពិធី​ប្រកាស​ជាផ្លូវការ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​របស់​អង្គការ​សហប្រជា​ជាតិ​ផង​ដែរ ។

          ដើម្បី​ជាការ​លើក​ទឹកចិត្ត​ដល់​សប្បុរស​ជន​នា​នា ដែល​បាន​ជួយ​ក្នុង​គម្រោង​សាង​សង់ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ពោធិ៍សែនជ័យ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង ក៏​បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយ​យស ព្រះរាជា​ណាចក្រ​កម្ពុជា ថ្នាក់​ជា​តូបការ ជូន​លោក​ឱកញ៉ា នង សាវុធ អគ្គនាយក​ក្រុមហ៊ុន អេស៊ា​ត្រេឌីង  គ្រឿង​ឥស្សរិយ​យស ព្រះរាជា​ណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ជូន​លោក នង សេង​ហេង និង​លោក កែវ ចំរុង គ្រឿង​ឥស្សរិយ​យស សហ​មេត្រី ថ្នាក់​មហា​សេរីវឌ្ឍន៍ជូន​លោក ហ្វូមីអូ យ៉ាម៉ាដា និង​បំពាក់​មេដាយ​ជូន​សប្បុរស​ជន​ផ្សេង​ទៀត​ផង​ដែរ ។

          ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ក៏​បាន​ឧបត្ថម្ភ​ដល់​ប្រជាជន​ចំនួន ២០០​នាក់ ម្នាក់​ៗ សារុង​១ ថវិកា ១​ម៉ឺន​រៀល សិស្ស​វិទ្យាល័យ យុវជន​កាកបាទ​ក្រហម​កម្ពុជា និង​យុវជន​កាយរិទ្ធិ សរុប​ចំនួន ២០០​នាក់ ម្នាក់​ៗ ថវិកា ១ម៉ឺន​រៀល សិក្ខា​កាម​ចំនួន ៥០​នាក់ ម្នាក់​ៗ ថវិកា ១​ម៉ឺន​រៀល លោកគ្រូ អ្នកគ្រូ ចំនួន ៧​នាក់ ម្នាក់​ៗ ថវិកា ៥​ម៉ឺនរៀល និង​បាន​អញ្ជើញ​ពិនិត្យ​មើល​អគារ​មួយ​ចំនួន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ ពោធិ៍សែនជ័យ​នេះ​ផង​ដែរ ៕

 

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend