ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​គ្រប់ជាន់​ថ្នាក់ នៃ​ក្រសួង​សង្គមកិច្ច ប្រារព្ធ​ពិធី​សូត្រ​មន្ត រាប់​បាត ប្រគេន​ចង្ហាន់ព្រះសង្ឃ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់
PrinterEmail
ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          នៅ​ព្រឹកថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៣ នៅទីស្តីការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ព្រម​ទាំង​ថ្នាក់ដឹក​នាំ​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ក្រោម​ឱវាទ​ក្រសួង​ទាំង​អស់ បាន​ប្រារព្ធ​រៀប​ចំ​ពិធី​សូត្រមន្ត បង្សុកូល រាប់​បាត និង​វេប្រគេន​ទ័យទាន​ដល់​ព្រះសង្ឃ ព្រម​ទាំង​មាន​ការ​សម្តែង របាំ​ជូន​ពរ និង​របាំ​ត្រុដិ​ផង​ដែរ ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ត្រូវ​នឹង​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ព.ស ២៥៥៧ ។

          បន្ទាប់​ពីធ្វើ​កិច្ច​នមសកា​ព្រះរតន​ត្រ័យ​រួច​មក ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ព្រម​ទាំង​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ទាំង​អស់ បាន​អញ្ជើញ​រាប់​បាត វេ​ប្រគេន​ចង្ហាន់ ទ័យ​វត្ថុ និង​បវរណា​ចតុ​បច្ច័យ​ដល់​ព្រះ​សង្ឃ ដើម្បី​ឧទិ្ទស​បួង​សួង​ដល់​វិញ្ញាណ​ក្ខ័ន​បុព្វការី​ជន និង​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ព្រម​ទាំង​យុទ្ធ​ជន យុទ្ធ​នារី ដ៏​អង់​អាច​ក្លាហាន​របស់​កម្ពុជា ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុ​ភូមិ សូម​បាន​ទៅ​កាន់​ឋាន​សុគតិភព​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ព្រម​ទាំង​បួងសួង​ដល់​គុណ​​បុណ្យ​ព្រះរតនៈ​ត្រ័យ កែវ​ទាំង​បី ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក សូម​ប្រទាន​ពរ​ជ័យ សេរី​សួស្តី បវរ​មហា​ប្រសើរ សិរី​មង្គល វិបុល​សុខ គ្រប់​ប្រការ ជូន​ដល់​ឯកឧត្តម លោក​ជំទាវ អស់​លោក លោក​ស្រី ដែល​ជា​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ទាំង​អស់ និង​ទទួល​បាន​នូវ​សុខ​សុភមង្គល សុខភាព​ល្អ​បរិបូណ កម្លាំង​មាំ​មួន បញ្ញា​ញាណ​ភ្លឺ​ថ្លា ដើម្បី​រួម​ចំណែក​បំពេញ​ភារកិច្ច​របស់​ខ្លួន​លើ​វិស័យ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា អោយ​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗ​បន្ថែម​ទៀត ជូន​ប្រទេស​ជាតិ និង​ប្រជា​​ពលរដ្ឋ ស្រប​តាម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ។

          នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​ដ៏​សែន​សប្បាយ​រីករាយ​នេះ​ផង​ដែរ ក៏​មាន​ការ​សម្តែង​នូវ​របាំ​ជូន​ពរ និង​របាំ​ត្រុដិ ដែល​សុទ្ធ​សឹង​ជា​របាំ​ប្រពៃណី​ជាតិ​ដ៏​រុងរឿង​របស់​ប្រជាជាតិ​កម្ពុជា​តាំង​ពី​បូរាណ​កាល​មក សម្តែង​ជូន​ដើម្បី​ប្រសិទ្ធ​ពរ ជ័យ បវរ​មហា​ប្រសើរ និង​បណ្តេញ​នូវ​ឧប​ទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់ លើក​រាសី​ឆ្នាំ​ថ្មី ដល់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី និង​លោកជំទាវ បុត្រា បុត្រី និង​ចៅ​ជា​ទី​ស្រឡាញ់ ព្រម​ទាំង​ឯកឧត្តម លោក​ជំទាវ អស់​លោក លោក​ស្រី ជា​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​នៃ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ទាំង​អស់ ហើយ​ទទួល​យក​មក​វិញ នូវ​អំណរ​សាទរ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ព.ស ២៥៥៧ ដែល​នឹង​ឈាន​ជិត​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ។

          មាន​ប្រសាន៍​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក៏​បាន​ជូន​ពរ និង​ផ្តាំ​ផ្ញើ​ដល់​ឯកឧត្តម លោក​ជំទាវ អស់​លោក លោកស្រី​ ដែល​ជា​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ទាំង​អស់ សូម​ឲ្យ​មាន​សុខ​ភាព​ល្អ និង​ខិត​ខំ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​​ខិតខំ​​ធ្វើ​យ៉ាង​ណា​ផ្តល់​សេវា​សង្គមកិច្ច ជូន​ប្រជា​ពលរដ្ឋ ឲ្យ​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ស្រប​តាម​គោល​នយោ​បាយ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត  ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend