ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ហុងគ្រី ប្រចាំ​កម្ពុជា
PrinterEmail
ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួង ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ   Eszter Torda ឯកអគ្គ​រដ្ឋទូត​ហុងគ្រី ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​មាន​និវេសន​ដ្ឋាន នៅទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ។

          លោកជំទាវ Eszter Torda មាន​ប្រសាសន៍ថា យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​ហុងគ្រី គឺ​បង្កើន​នូវ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងឡាយ ​នៅ​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍ ហើយ​លោកជំទាវ​ក៏​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ហុងគ្រី​គ្រប់​បណ្តា​ក្រសួង​ទាំងអស់ មុន​​ពេល​ដែល​លោកជំទាវ​អញ្ជើញ​មក​បំពេញ​បេសកកម្ម​នៅ​ទី​នេះ ។

          លោកជំទាវ​មាន​ប្រសាសន៍​ទៀតថា ការ​ចូល​រួម​ចំណែក ចែក​រំលែក​នូវ​ចំណេះ​ដឹង និង​បទពិសោធន៍ នៅ​ក្នុង​ការ​គ្រប់​គ្រង់​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ទឹក​ស្អាត បញ្ហា​អនាម័យ គឺ​ជា​រឿង​សំខាន់​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​របស់​យើង ហើយ​ប្រទេស​ហុងគ្រី ក៏​នឹង​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​ទាក់​ទង​ទៅ​នឹង​វិស័យ​ទឹកស្អាត​នេះ​ផង​ដែរ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ នៅទីក្រុង​ប៊ូដាប៉េស ។

          ដោយឡែក ​លោកជំទាវ​ក៏​គ្រោង​នឹង​ទៅ​ធ្វើ​ទស្សន​កិច្ច នៅ​មណ្ឌល​កុមារ​កំព្រា មិត្តភាព​កម្ពុជា-បារាំង-ហុងគ្រី ដើម្បី​ពិនិត្យ​មើល​ទី​តាំង និង​អគារ​នៅ​ទី​នោះ ដែល​គ្រោង​នឹង​ធ្វើ​ការ​ជួស​ជុល​ដោយ​រដ្ឋាភិបាល​ហុងគ្រី ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​សម្តែង​នូវ​ការ​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ហុងគ្រី ដែល​កន្លង​មក​បាន​ធ្វើ​ជា​ដៃគូ​ដ៏​ល្អ ​ជាមួយ​កម្ពុជា​លើ​វិស័យ​សង្គម​កិច្ច ជា​ពិសេស​បាន​ជួយ​សាង​សង់​មណ្ឌល​កុមារ​កំព្រា​មិត្តភាព​កម្ពុជា-បារាំង-ហុងគ្រី ដែល​ជា​មណ្ឌល​កុមារ​កំព្រា​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ក៏​ដូចជា គម្រោង​នៅ​ក្នុង​ការ​ជួស​ជុល​អគារ​ក្នុង​មណ្ឌល​នោះ​ផង​ដែរ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង មាន​ប្រសាសន៍​ទៀត​ថា ហុងគ្រី​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​ឈាន​មុខ​គេ​លើ​វិស័យ​កសិកម្ម​នៅ​អ៊ឺរ៉ុប ចាប់​តាំង​ពី​ទស​វត្ស ៨០​មកម្ល៉េះ ដូច្នេះ​វិស័យ​ទឹក​ស្អាត និង​សហគមន៍​កសិកម្ម ពិត​ជា​មាន​ការ​រីក​ចម្រើន​ច្រើន​ជាមួយ​នឹង​បទពិសោធន៍​ខ្ពស់ ដោយឡែក​កម្ពុជា​ក៏​កំពុង​តែ​ផ្តល់​អាទិភាព​ខ្ពស់​ទៅ​លើ​ការ អភិវឌ្ឍន​វិស័យ​កសិកម្ម ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​កម្ពុជា​ក៏​នៅ​មាន​វិស័យ​ឧស្សា​ហ​កម្ម​ផ្សេង​ទៀត​ផង​ដែរ ប៉ុន្តែ​កត្តា​ស្នូល​សំខាន់​នៃ​កំលាំង​សេដ្ឋកិច្ច គឺ​វិស័យ​កសិកម្ម ជាពិសេស​គឺ​ដំណាំ​ស្រូវ ដែល​អាច​ធានា​បាន​នូវ​និរន្តរ​ភាព​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ទាក់​ទង​នឹង​សុខុមាល​ភាព​សង្គម ជាពិសេស​វិស័យ​សង្គមកិច្ច គឺ​សុខភាព អនាម័យ និង​ទឹកស្អាត គឺ​ជា​រឿង​មួយ​សំខាន់ ដែល​យើង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​កម្ពុជា​កំពុង​តែ​ពង្រាង​ការ​ផ្គត់​ផ្គង់​ប្រព័ន្ធ​ទឹក​ស្អាត ជាពិសេស​នៅ​តំបន់​ជន​បទ ដើម្បី​ធានា​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ដូច្នេះ​បទ​ពិសោធន៍ របស់​ហុងគ្រី​លើ​បញ្ហា​នេះ គឺ​ពិត​ជា​អាច​ធ្វើ​ឲ្យ​កម្ពុជា​សិក្សា​រៀន​សូត្រ និង​ដក​ស្រង់​យក​ធ្វើ​ជា​គំរូ​បាន ។

          ជាទីបញ្ចប់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ថា នឹង​បន្ត​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព​កិច្ច​សហ​ប្រតិបត្តិ​ការ ដែល​មាន​តាំង​ពី​យូរ​លង់​ណាស់​មកហើយ​នៃ​ប្រទេស​យើង​ទាំង​២ កម្ពុជា-ហុងគ្រី ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend