ឯកឧត្តម​បណ្ឌិតរដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មហា​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆ្នាំ​២០១២ និង​លើក​ទិស​ដៅ​ការ​ងារ​បន្ត​ឆ្នាំ​២០១៣ របស់​គណៈ​កម្មា​ធិការ​ជាតិ​ស្ប៉េ​ស្យាល់​អូឡាំពិក​កម្ពុជា
PrinterEmail
ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

          មហា​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១២ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០១៣ របស់​គណៈ​កម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​នៅ​ទីស្តីការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា កាល​ពី​រសៀល​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៣ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និងជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា។

          ឯកឧត្តម មាស សារិន អនុ​រដ្ឋលេខា​ធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មា​ធិការ​ជាតិ​ស៉្បេ​ស្យាល់​អូឡាំពិក​កម្ពុជា មាន​ប្រសាសន៍​ថា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៥ មក គណៈ​កម្មា​ធិការ​ បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់ និង​ការ​ប្រកួត​កីឡាជា​ទៀង​ទាត់ និង​ជា​រៀងរាល់​ឆ្នាំ ទាំង​ថ្នាក់​ជាតិ និង​បណ្តា​រាជធានី ខេត្ត​មួយ​ចំនួន ព្រមទាំង​បាន​បញ្ជូន​ប្រតិភូ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា ស៉្បេស្យាល់​អូឡាំពិក​ថ្នា​ក់​ពិភពលោក ចំនួន​២​លើក ដោយ​ទទួល​បាន មេដាយ​មាស ចំនួន ៧, មេដាយ​ប្រាក់ ចំនួន៧ និង​មេដាយ​សំរិទ្ធ ចំនួន៤ ផងដែរ ។

          ឯកឧត្តម មាស សារិន មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​របស់​កីឡាករ កីឡា​ការិនី​បញ្ញា​ខ្សោយ គណៈ​កម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ស្វែង​រក​ប្រភព​ថវិកា​បន្ថែម ក្នុង​ការ​ទ្រទ្រង់ និង​បង្កើន​ការ​រៀបចំ​ព្រឹត្តការណ៍ កីឡា​សម្រាប់​ជន​ពិការ​សតិ​បញ្ញា​​ខ្សោយ​​បន្ថែម​ទៀត ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​រាជធានី ខេត្ត ។

          មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​សកម្មភាព​ការងារ និង​លទ្ធផល ដែល​គណៈ​កម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា សម្រេច​បាន​ក្នុង​ឆ្នាំ​២០១២ ជាពិសេស កិច្ច​សហការ​ក្នុង​ការ​ពង្រឹង​ពង្រីក​វិស័យកីឡាសម្រាប់ជនពិការ​សតិ​បញ្ញា​ខ្សោយ​នៅ​កម្ពុជា ឲ្យ​មាន​ការ​រីក​ចម្រើន ដូច​បណ្តា​ប្រទេស​នានា​លើ​សកល​លោក ។

          ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​គូស​បញ្ជាក់​ផងដែរ​ថា គណៈ​កម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា គឺ​ជា​ចលនា​កីឡា​ដែល​បម្រើ​ឲ្យ​ជនពិការ​សតិបញ្ញា​ខ្សោយ​ទាំងក្មេង ទាំងចាស់ នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា  ដោយ​ផ្តោត​សំខាន់​លើ​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​កីឡា​ ជា​រៀង​រាល់​ឆ្នាំ និង​បាន​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​កីឡា សំដៅ​ហ្វឹកហាត់​កាយ​សម្បទា បញ្ញា​សម្បទា និង​សីលធម៌​ថ្លៃថ្នូរ​ផងដែរ ។

          ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា ជាមួយ​នឹង​ការងារ​កីឡា​សម្រាប់​ជនពិការ​សតិបញ្ញា​ខ្សោយ ក៏ដូច​ជា​ការងារ​កីឡា​សម្រាប់​ជនពិការ​កាយ​សម្បទា​ដទៃ​ទៀត ត្រូវ​បាន​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ដាក់​បញ្ចូល​ជាការងារ​មួយ​ក្នុង​ការងារ​អាទិភាព​ទី ៣ ស្តីពី​ការ​ពង្រឹង ពង្រីក​វិស័យ​សុខុមាល​ភាព​ជនពិការ និង​ស្តារ​លទ្ធភាព​ពលកម្ម ក្នុង​ចំណោម​ការងារ​អាទិភាព​ទាំង ៦ នៃ​​កម្មវិធី​ការងារ​រយៈពេល ៥ឆ្នាំ របស់​ក្រសួង​ផងដែរ ។

          ជាទីបញ្ចប់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ស៉្បេស្យាល់​អូឡាំពិក​កម្ពុជា ក៏​បាន​ឧបត្ថម្ភ​ដល់​កីឡាករ កីឡា​ការិនី ដែល​នឹង​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​ស៉្បេស្យាល់​អូឡាំពិក​រដូវ​រងា​ពិភពលោក​លើក​ទី ១០ នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន ៥​នាក់ ក្នុង​ម្នាក់ៗ ថវិកា ១០០ ដុល្លា​សហរដ្ឋ​អាមេរិច ផងដែរ ៕


 

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend