ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​ប្រ​គល់​ផ្ទះ​ជូន​គ្រួ​សារ​ជន​ពលី​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​អតីត​យុទ្ធជន​ក្រី​ក្រ​បំ​ផុត
PrinterEmail
ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៣ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     រសៀល​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៣ ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា និង​ឯកឧត្តម អ៊ុង អឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ជូន​គ្រួសារ​ជន​ពលី​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ អតីត​យុទ្ធជន​កម្ពុជា និង​អតីត​យុទ្ធជន​ក្រី​ក្រ​បំ​ផុត ស្ថិត​ក្នុង​ភូមិ​ដី​ឡូ​ សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ។

     លោក ឃុន វុទ្ធី ប្រធាន​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ប្រសាសន៍​រាយ​ការណ៍​អំពី​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ជូន​នា​ថ្ងៃ​នេះ សរុប​មាន​ចំនួន ២២​ខ្នង ដែល​ក្នុង​នោះ​ជូន​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ចំនួន ៣​ខ្នង ជូន​គ្រួសារ​ជន​ពលី​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​ចំនួន ១​ខ្នង និង​អតីត​យុទ្ធជន​ក្រីក្រ​បំផុត​ចំ​នួន ១៨​ខ្នង ហើយ​បច្ចុប្បន្ន​នេះ​ មន្ទីរ​កំពុង​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ក្រី​ក្រ​បំ​ផុត​ចំនួន ៧​ខ្នង ទៀត​ផង​ដែរ ។

     មាន​ប្រសាសន៍​សំណេះ​សំ​ណាល នៅ​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​ជន​ពលី​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ អតីត​យុទ្ធជន​កម្ពុជា និង​អតីត​យុទ្ធជន​ក្រី​ក្រ​បំ​ផុត ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា បាន​ថ្លែង​នូវ​ការ​កោត​សរ​សើរ​ចំពោះ​បង​ប្អូន​អតីត​យុទ្ធ​ជន​យើង ដែល​មិន​លក់​របប​គោល​នយោបាយ​របស់​ខ្លួន ហើយ​ខិត​ខំយក​ប្រាក់​របប​នោះ​មក​ប្រកប​របរ​ដើម្បី​ចិញ្ចឹម​ជីវិត ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​គិត​គូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ជាពិសេស​បងប្អូន​អតីត​យុទ្ធ​ជន​កម្ពុជា​យើង ព្រោះ​ពួក​គាត់​បាន​បូជា​កម្លាំង​កាយ កម្លាំង​ចិត្ត សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុ​ភូមិ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ក្រសួង​សង្គម​កិច្ច​បាន​បង្កើត​បេឡាជាតិ​អតីត​យុទ្ធជន ដែល​ជា​គ្រឹះ​ស្ថាន សាធារ​ណៈ​រដ្ឋបាលមួយ កំពុងរៀប​ចំ​ធ្វើ​កំណែ​ទម្រង់​តាម​នីតិ​វិធី​ថ្មី គឺ​ការ​បើក​ប្រាក់​របប​គោល​នយោ​បាយ​ជូន​មុខសញ្ញា​តាម​​ប្រព័ន្ធ​ធនា​គារ ដែល​នីតិ​វិធី​ថ្មី​នេះ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​អតីត​យុទ្ធ​ជន និង​គ្រួសារ កាត់​បន្ថយ​ការ​លំ​បាក និង​ភាព​អសកម្ម​នា​នា ជាក់​ស្តែង​នៅ​រាជធានី​ភ្នំ​ពេញ និង​ខេត្ត​កណ្តាល បាន​ចាប់​ផ្តើម​ដំណើរ​ការ​បើក​ប្រាក់​របប​គោល​នយោ​បាយ​តាម​ប្រព័ន្ធ​ធនាគារ​នេះ​រួច​មក​ហើយ កាល​ពី​ពាក់​កណ្តាល​ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ។

     ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា ក៏​បាន​បំពាក់​គ្រឿង​ឥស្សរយយស​ជូន​អតីត​យុទ្ធ​ជន និង​គ្រួសារ​អតីត​យុទ្ធ​ជន សរុប​ចំនួន ២២​នាក់ ដែល​ទទួល​បាន​ផ្ទះ​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​មេដាយ​មាស ៤ និង​មេដាយ​ប្រាក់ ១៨ និង​បាន​ឧបត្ថម្ភ ក្នុង​ម្នាក់​ៗ សារុង ១ ថវិកា ៥​ម៉ឺន​រៀល​ផង​ដែរ ។

     ជា​ទី​បញ្ចប់​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង និង​ឯកឧត្តម អ៊ុង អឿន អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​បាន​កាត់​ខ្សែ​បូ​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន ដើម្បី​ជា​និមិត្ត​រូប​ក្នុង​ការ​ប្រគល់​ផ្ទះ​អតីត​យុទ្ធ​ជន​ទាំង ២២​ខ្នង នេះ​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend