ឯកឧត្តម​បណ្ឌិតរដ្ឋ​មន្ត្រី អញ្ជើញ​បើក​សិក្ខា​សា​លាឆ្លុះ​បញ្ចាំង​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១២ និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ពហុ​វិ​ស័យ​ស្តី​ពី​កុ​មារ​កំ​ព្រា និង​កុមារ​ងាយ​រង​គ្រោះ
PrinterEmail
ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន ​សុខគ្រី

     ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​សាល​ប្រ​ជុំ​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា មាន​ប្រា​រព្ធពិ​ធី​បើក​សិក្ខា​សា​លា​ឆ្លុះ​បញ្ចាំង​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១២ និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិព​ហុ​វិ​ស័យ ស្តី​ពី​កុមារ​កំព្រា និង​កុ​មារ​ងាយ​រង​គ្រោះ(ក.ជ.ក.រ) ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​មន្ត្រី​ជំ​នាញ​ពាក់​ព័ន្ធ ព្រម​ទាំង​តំណាង​ក្រសួង ស្ថា​ប័ន អង្គ​ការ​ដែល​ជា​សមា​ជិក​របស់​ក្រុម​ការ​ងារ ក.ជ.ក.រ សរុប​ប្រ​មាណ ៣០០​នាក់ ។

     របាយ​ការណ៍​ស្វា​គមន៍​ដោយ ឯកឧត្តម កែវ បូរេន្ទ្រ ប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ពហុ​វិ​ស័យ ស្តី​ពី​កុមារ​កំ​ព្រា និង​កុ​មារ​ងាយ​រង​គ្រោះ​បាន​គូស​បញ្ជាក់​ថា គោល​បំ​ណង​នៃ​សិក្ខា​សា​លា​នា​ថ្ងៃ​នេះ គឺ​រៀប​ចំ​ដើម្បី​បូក​សរុបវាយ​តម្លៃ និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ក្នុង​ការ​ថែ​ទាំ ការ​គាំ​ទ្រ និង​ការ​ការ​ពារ​ចំ​ពោះ​កុមារ​កំ​ព្រា និង​កុមារ​ងាយ​រង​គ្រោះ សំ​ដៅ​ធ្វើ​ឲ្យ​ការ​ផ្តល់​សេ​វា​ទាំង​អស់​នេះ​កាន់​តែ​មាន​លក្ខណៈ​ប្រ​សើរ​ឡើង ។

     ថ្លែ​ងនៅ​ក្នុង​ពិធី​បើក​សិក្ខា​សា​លា​ឆ្លុះ​បញ្ចាំង​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១២ និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ​ស្តី​ពី​កុមារ​កំ​ព្រា និង​កុ​មារ​ងាយ​រង​គ្រោះ​នេះ​ផង​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រ​សួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា​មាន​ប្រ​សាសន៍​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ក្រុម​ការ​ងារ ក​.​ជ​.​ក​.​រ ដែល​សម្រេច​បាន​លទ្ធ​ផល​ការ​ងារ​ដ៏​ត្រ​ចះ​ត្រ​ចង់​នា​ពេល​កន្លង​មក ដើម្បី​បុព្វ​ហេតុ​ដ៏​ពិ​សិដ្ឋ​របស់​កុមារ​កំ​ព្រា និង​កុមារ​ងាយ​រង​គ្រោះ ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍​ទៀត​ថា រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស ចំ​ពោះ​កុ​មារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ ដោយ​បាន​ចាត់​ទុក​កុមារ គឺ​ជា​ទំពាំង​ស្នង​ឫស្សី និង​អនា​គត​របស់​ប្រទេស​ជាតិ ។ ​

     ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក៏​បាន​ផ្តល់​នូវ​អនុ​សាសន៍​មួយ​ចំ​នួន ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការ​ថែ​ទាំ ការ​គាំ​ទ្រ និង​ការ​ការ​ពារ​ចំពោះ​កុមារ​កំ​ព្រា និង​កុមារ​ងាយ​រង​គ្រោះ​ដោយ​ត្រូវ​៖ -បង្កើន​ការ​ផ្តល់​សេវា​ប្រ​កប​ដោយ​គុណ​ភាព​ដល់​កុមារ​កំ​ព្រា និង​កុមារ​ងាយ​រង​គ្រោះ -ប​ន្ត​ពង្រីក​ដែន​គ្រប​ដណ្តប់​នៃ​សេវា -បន្ត​បង្កើន​ការ​ប្រមូល​គ្រប់​គ្រង និង​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​កុមារ ព្រម​ទាំង​ពង្រឹង​ការ​តាម​ដាន វាយ​តម្លៃ និង​ការ​ធ្វើ​ផែន​ការ​ការ​ងារ -បន្ត​បង្កើន​កិច្ច​សហ​ការ​រវាង​ក្រ​សួង ស្ថា​ប័ន និង​អង្គ​ការ​ពាក់​ព័ន្ធ និង​បន្ត​បង្កើន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ក្រុម​ការ​ងារ ក.ជ.ក.រ ។

     ឆ្លៀត​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត​រដ្ឋ​មន្ត្រី ក៏បាន​ស្នើ​ឲ្យ​ក្រុម​ការ​ងារ ក.ជ.ក.រ រៀប​ចំ​ផែន​ការ​សកម្ម​ភាព​របស់​ខ្លួន​ឲុ្យ​ស្រប​ទៅ​តាម​អាណត្តិ​របស់​រាជ​រដ្ឋា​ភិបាល ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិ​ធី​ការ​ងារ​របស់​ក្រសួង​រយៈ​ពេល​៥​ឆ្នាំ សម្រាប់​អាណត្តិ​ក្រោយ ២០១៣-២០១៨ ។

     ជាទី​បញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ក៏​បាន​បំ​ពាក់​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​ដល់​សមា​ជិក សមាជិ​កា នៃ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ ស្តី​ពី​កុមារ​កំព្រា និង​កុមារ​ងាយ​រង​គ្រោះ ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​ដែល​រយៈ​ពេល​កន្លង​មក​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​បំ​ពេញ​ការ​ងារ ព្រម​ទាំង​បាន​ផ្តល់​ប័ណ្ណ​សរ​សើរ ដល់​តំណាង​ក្រុម​ការ​ងារ ក.ជ.ក.រ ថ្នាក់​ខេត្ត​ទាំង ៦ និង​តំណាង​អង្គ​ការ​ពាក់​ព័ន្ធ​មួយ​ចំនួន​ផង​ដែរ  ៕

ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend