ឯកឧត្តម​បណ្ឌិតរដ្ឋមន្ត្រី អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ស្តី​ពី​​ដំ​ណាក់​កាល​ផ្សេង​ៗ​នៃ​សំ​ណុំ​ឯក​សារ​ស្មុំ​កូន ដែល​ត្រូវ​ឆ្លង​អាជ្ញា​ធរ​កណ្តាល​ស្មុំ​កូន​អន្តរ​ប្រ​ទេស
PrinterEmail
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១២ អត្ថបទ និងរូបភាពដោយ ងួន សុខគ្រី

     រសៀល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ទី​ស្តី​ការ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា មានបើក​កិច្ច​ប្រ​ជុំ​មួយ ស្តី​ពី​ដំ​ណាក់​កាល​ផ្សេង​ៗ​នៃ​សំ​ណុំ​ឯក​សារ​ស្មុំ​កូន ដែល​ត្រូវ​ឆ្លង​កាត់​អាជ្ញា​ធរ​កណ្តាល​ស្មុំ​កូន អន្តរ​ប្រ​ទេស ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី ដោយ​មាន​ការ​អញ្ជើញ ចូល​រួម​ពី​តំ​ណាង​ការិ​យា​ល័យ​ក្រុង​ឡា​អេ​ តំ​ណាង​អង្គ​ការ​យូនីសេហ្វ និង​តំណាង​មន្ទីរ​សង្គម​កិច្ច​រាជ​ធា​នី​ខេត្ត​ទាំង​អស់ ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា  នេះ​ជា​កិច្ច​ប្រ​ជុំ​ដ៏​សំ​ខាន់​មួយ​សម្រាប់​អាជ្ញា​ធរ​កណ្តាល​ស្មុំ​កូន អន្តរ​ប្រ​ទេស ក៏​ដូច​ជា​រដ្ឋ​បាល​ស្មុំ​កូន​អន្តរ​ប្រទេស ដើម្បី​ស្តាប់​នូវ​បទ​បង្ហាញ​ដែល​ធ្វើ​ដោយ​លោក​ស្រី ប៊ែរណាឌែត អាប៊ីចូ ទី​ប្រឹក្សា​ការិយា​ល័យ​ក្រុង​ឡាអេ ស្តី​ពី​នីតិ​វិធី​នៃ​ដំណើរ​ការ​ស្មុំ​កូន​អន្តរ​ប្រទេស  ។

     ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀត​ថា ផ្អែក​តាម​គោល​ការណ៍​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោយ​ពេល​ដែល​ច្បាប់​ស្តី​ពី​ស្មុំ​កូន​អន្តរ​ប្រទេស​ត្រូវ​បាន​អនុ​ម័ត គឺ​យើង​បាន​ពន្យា​ពេល​ជា​បន្ត​បន្ទាប់ ហើយ​រហូត​មក​ដល់​ចុង​ក្រោយ​នេះ យើង​បាន​កំណត់​យក​ថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ដែល​នឹង​ត្រូវ​រៀប​ចំ​បើក​ឲ្យ​ដំ​ណើរ​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ​ឡើង​វិញ ប៉ុន្តែ​ការ​បើក​ឲ្យ​ដំណើរ​ការ​លើក​នេះ គឺ​មាន​លក្ខណៈ​ច្បាស់​លាស់​នៅ​ក្នុង​ដំ​ណើរ​ការ​នីតិ​វិធី ជា​ពិសេស​ឲ្យ​ស្រប​ទៅ នឹង​ច្បាប់​ស្តី​ពី​ស្មុំ​កូន​អន្តរ​ប្រទេស ក៏​ដូច​អនុ​សញ្ញា​ទី​ក្រុង​ឡាអេ ស្តី​ពី​កិច្ច​ការ​ពារ​កុមារ និង​សហ​ប្រតិ​បត្តិ​ការ​ទាក់​ទង ទៅ​នឹង​ស្មុំ​កូន​អន្តរ​ប្រទេស ។

     នៅ​ក្នុង​បទ​បង្ហាញ​របស់​លោក​ស្រី ប៊ែរណាឌែត អាប៊ីចូ តំ​ណាង​មក​ពី​ការិយា​ល័យ ក្រុង​ឡាអេ និង​ជា​ប្រ​ធាន​ខាង​ស្មុំ​កូន​អន្តរ​ប្រទេស​មក​ពី​ហ្វីលីពីន ពាក់​ព័ន្ធ​ទៅ​នឹង​នីតិ​វិធី​នៃ​ដំណើរ​ការ​ស្មុំ​កូន​អន្តរ​ប្រទេស លោក​ស្រី​បាន​លើក​ឡើង​នូវ ២ ចំ​ណុច​បន្ថែម​ទៀតពាក់​ព័ន្ធ​នឹង​ស្មុំ​កូន​សាច់​ញាតិ ដែល​នៅ​ក្នុង​បរិ​បទ​ស្មុំ​កូន​អន្តរ​ប្រ​ទេស សំ​ដៅ​ទៅ​លើ​ការ​ស្មុំ​កុមារ​កម្ពុ​ជា​ដោយ​សាច់​ញាតិ​ដែល​រស់​នៅ​ក្រៅ​ប្រ​ទេស និង​មួយ​ទៀត​គឺ ការ​ស្វែង​រក​គ្រួសារ​ឲ្យ​កុមារ​ដែល​មាន​ការ​ថែ​ទាំ​ពិ​សេស សំ​ដៅ​ទៅ​លើ​កុមារ​ដែល​មាន​សុខ​ភាព​មិន​ប្រក្រតី កុមារ​ពិការ កុមារ​ដែល​មាន​ប្រវត្តិ​មិន​ល្អ ឬ​ជា​កុមារ​ដែល​បាន​ការ​រំ​លោភ​បំ​ពាន​ជា​ដើម ។

     លោក​ស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា ត្រូវ​មាន​ការ​កែ​សម្រួល​ខ្លះ​ទៅ​លើ​ប្រកាស​ស្តី​ពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អាជ្ញា​ធរ​កណ្តាល និង​រដ្ឋ​បាល​ស្មុំ​កូន​អន្តរ​ប្រទេស​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ពីព្រោះ​ក្នុង​ប្រកាស​នេះ មិន​បាន​បរិ​យាយ​អំ​ពី​ដំ​ណើរ​ការ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​នីតិ​វិធី​ពិ​សេស អំពី​២ ចំណុច​ដែល​លោក​ស្រី​បាន​លើក​ឡើង​នោះ​ទេ ។

     លោក​ស្រី​តំ​ណាង​ការិយា​ល័យ​ក្រុង​ឡេ​អេ​បាន​​គូស​បញ្ជាក់​ទៀត​ថា មាន​ឪពុក​ម្តាយ​បរទេស​ជា​ច្រើន​ចង់​ស្មុំ​កូន ដែល​ជា​កុមារ​ដែល​ពិការ ឬ​កុមារ​ដែល​ត្រូវ​ការ​ការ​ថែ​ទាំ​ពិ​សេស​នេះ ។

     តមក​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក៏​បាន​ថ្លែង​អំណរ​គុណ និង​កោត​សរ​សើរ​ចំពោះ​បទ​ពិសោធន៍​របស់​លោក​ស្រី​នៅ​ក្នុង​ការ​អនុវត្ត​អនុ​សញ្ញា​ក្រុង​ឡា​អេ ស្តី​ពី​កិច្ច​ការ​ពារ​កុ​មារ និង​សហ​ប្រតិ​បត្តិ​ការ​ទាក់​ទង​នឹង​ស្មុំ​កូន​អន្តរ​ប្រ​ទេស​នេះ ។

     ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ក៏​បាន​ឯក​ភាព​នូវ​អនុសាសន៏​របស់​លោក​ស្រី​តំ​ណាង​ការិយា​ល័យ​ក្រុង​ឡា​អេ ដែល​បាន​លើក​ឡើង​គឺ​ត្រូវ​រៀប​ចំ​កែ​សម្រួល​ដាក់​បញ្ចូល​បន្ថែម​នូវ​២​ចំណុច​នេះទៀត​គឺ នីតិ​វិធី​នៃ​ដំណើរ​ការ​ការ​ស្មុំ​កូន​សាច់​ញាតិ និង​ការ​ស្វែង​រក​គ្រួសារ​ឲ្យ​កុមារ​ដែល​ត្រូវ​ការ​ការ​ថែទាំ​​ពិ​សេស ទៅ​ក្នុង​ប្រ​កាស​ស្តី​ពី​ការ​ប្រ​ព្រឹត្ត​ទៅ​របស់​អាជ្ញា​ធរ​កណ្តាល និង​រដ្ឋ​បាល​ស្មុំ​កូន​អន្តរ​ប្រទេស នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

     ​ជា​ទីបញ្ចប់​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច ក៏​បាន​ស្នើ​ឲ្យ​លោក​ស្រី​តំ​ណាង​ការិយា​ល័យ​ក្រុង​ឡា​អេ នៅ​បន្ត​ជួយ​ក៏​ដូច​ជា​ប្រឹក្សា​បច្ចេក​ទេស​នៅ​ក្នុង​បញ្ហា​នេះ​ផង​ដែរ ៕

ព័ត៌មានដទៃទៀត
ព័ត៌មានថ្មីៗ
ព័ត៌មានតាមប្រតិទិន
ព័ត៌មានដែលអានច្រើនបំផុត
ដៃគូសហប្រតិបត្តិការ
unicefkhanausaidHotelinternationalWorld Vision
Email This Link to Your Friend