ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ជើញទស្សកិច្ច មជ្ឈមណ្ឌល កណ្តាលស្ទឹង

កណ្តាល៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញ ទស្សនកិច្ច មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មជ្ឈមណ្ឌលនេះត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី បច្ចុប្បន្ន មានបងប្អូនជនវិបល្លាសស្មារតី ចំនួន៦២ នាក់ ស្រី៣៨ នាក់ ស្នាក់នៅ និងទទួលបាន​សេវា​ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាបានល្អប្រសើរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួម ពីតំណាងអង្គការ ឈឺជឺ ហើយក៏បាននាំយកអង្ករចំនួន១តោន និងសូឡា ចំនួន៣០ គ្រឿងផ្តល់ជូនមជ្ឍមណ្ឌលផងដែរ។

ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានចុះពិនិត្យការសាងសង់ និងជួសជុល មជ្ឈមណ្ឌលយុវនីតិសម្បទា មណ្ឌលកុមារកំព្រារបារាំង ហុងហ្គី និងទីតាំងសម្រាប់សាងសង់ មណ្ឌលសំចតសម្រាប់ដាក់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជូញដូរមនុស្ស។

បញ្ជាក់ មជ្ឈមណ្ឌលយុវនិតិសម្បទា ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ និងជួសជុល នៅថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ការបង្កើតឱ្យមានមណ្ឌលនេះ វាបានឆ្លើយតបទៅនឹងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង របស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះ ក៏បានគិតគូរពីវិធានការ ទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមារណកម្ម ពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។

មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារ ត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវ សាងសង់ថ្មីចំនួន៥ខ្នង តាមគម្រោងនឹងរួចរាល់នៅ ឆ្នាំ២០២១ខាងមុខ៕

 

ថ្ងៃ ពុធ ទី ១៤ ខែ តុលា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen