ពិធីបញ្ចុះបឋមសិលាព្រះវិហារ និងប្រគេនទៀនព្រះវស្សា នៅវត្តសិលារង្សី

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ  បាននាំថវិកា២ម៉ឺនដុល្លារ ប្រគេនទានព្រះវស្សា និងបញ្ចុះបឋមសិលាសព្រះវិហារ វត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងសង្គមកិច្ច ប្រធាន/អនុប្រធានមន្ទីរជំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តមម វង សូត មានប្រសាសន៍ថា «ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យបន្តការប្រុង​ប្រយ័ត្នខ្ពស់​ជំងឺឆ្លងដ៏កាច​សាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាសឬក្រម៉ា និងត្រូវដុសលាង​សម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ ត្រូវរក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ នៅកម្ពុជា។

 សូមបញ្ជាក់ថា ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ក្នុងមួយវត្តទទួលបាន ទៀនវស្សា, អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, តែ, ស្ករស, សាដក់ ព្រមទាំងប្រគេនបច្ច័យប្រមាណជាង២៥.០០០$ សម្រាប់កសាងព្រះវិហារវត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ ផងដែរ៕

 

ថ្ងៃ ចន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen