ពិធី ប្រគល់-ទទួលសម្ភារ ការពារការចម្លងជំងឺកូវីដ-១៩


ទីស្តីការក្រសួង៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលសម្ភារការពារការចម្លងជំងឺកូវីដ-១៩ ដល់ជនពិការ អ្នកថែទាំ និងអង្គការជនពិការ។

សម្ភារការពារជំងឺកូវីដ១៩ គិតជាទឹកប្រាក់សរុបចំនួនជាង២ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS ដើម្បីចែកជូលដល់មន្ត្រីមានពិការភាព នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មជ្ឈមណ្ឌលបុរីទារក និងកុមារជាតិ សមាគមន៍ តន្ត្រីជនពិការ គណៈកម្មាធិការស្ប៉េស្យាលអូឡាំពិច អង្គការផ្ទះក្រវ៉ាន់ សាលាអប់រំពិសេសភ្នំពេញថ្មី អង្គការ PHACHID អង្គការ HHC អង្គការ DDP និងសមាគមន៍សំនៀងតន្ត្រីជនពិការ។

ឯកឧត្តមរដ្ឋមន្រ្តី​​ ​បានមានប្រសាសន៍ថា ទោះបីជាសម្ភារទាំងនេះ មិនទាន់គ្រប់គ្រាន់សម្រាប់ជនមានពិការភាពទូទាំងប្រទេសក្តី ប៉ុន្តែក៏អាចរំលែកទុក្ខលំបាកមួយគ្រា ក្នុងពេលមាន អាសន្ននេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់ឯកអគ្គរាជទូតនៃរដ្ឋាភិបាលអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធី ACCESS បានជួយឧបត្ថម្ភសំភារការពារការចម្លងជំងឺកូវីដ-១៩ ជូនជនមានពិការភាព ក្នុងការទប់ស្កាត់ជំងឺកាចសហាវនេះផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក្រើនរំឮកដល់បងប្អូនជនមានពិការភាពថា ទោះបីជាប្រទេសកម្ពុជា មិនមានករណី​ឆ្លងជំងឺកូវីដ-១៩បន្តក្នុងរយៈពេលជាង១ខែមកនេះក្តី តែបងប្អូនទាំងអស់គ្នា មិនគួរធ្វេសប្រហែលឡើយ ហើយត្រូវបន្តការប្រុងប្រយ័ត្ន និងអនាម័យខ្លួនឲ្យបានគ្រប់ពេលវេលា៕

ថ្ងៃ ពុធ ទី ២០ ខែ ឧសាភា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen