កិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ក្រសួង ស.អ.យ. ក្នុងការផ្តល់ការអន្តរាគមន៍កន្លងមកក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវិដ១៩

ទីស្តីការក្រសួ៖ នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នំាជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ក្រសួង ស.អ.យ. ក្នុងការផ្តល់ការអន្តរាគមន៍កន្លងមកក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវិដ១៩ និងការធ្វើផែនការត្រៀមបន្តក្នុងការផ្តល់ការអន្តរាគមន៍បន្តទៀតស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពជំនា ញ  ពាក់ព័ន្ធក្រសួង ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ online ជាមួយដៃគូអភិវឌ្ឍ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្តទាំង ២៥។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដួចផ្ដើមលើកជាគំនិត និងមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការត្រៀមលក្ខណៈជាមុនលើការផ្ដល់អន្តរាគមន៍ជំនួយសង្គមដល់គ្រួសារដែលមានជីវភាពក្រីក្រលំបាក និងងាយរងគ្រោះ ឲ្យស្របតាមគោលការណ៏ និងយន្តការរបស់រាជរដ្ឋាភិបាល ដែលទើបបង្កើតនាពេលថ្មីៗកន្លងទៅមកនេះ។ ទិសដៅសំខាន់បំផុតគឺត្រូវតែខិតខំធានាដល់ការផ្តល់សេវាសង្គមកិច្ចឲ្យដល់គ្រួសារក្រីក្រពិតប្រាកដបានទាន់ពេលវេលា ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំគោលនយោបាយថវិ កា ហិរញ្ញប្ប ទាន និងជំនួយសង្គម ដែលមាន ឯកឧត្តម វង្ស៉ី វិស្សុត រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ដើម្បីពិនិត្យ និងរៀបចំគោលនយោបាយថវិកាហិរញ្ញប្បទាន និងជំនួយសង្គម ជួយដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។
 
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងអង្គប្រជុំថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃទិដ្ឋភាពជារួមរបស់ប្រជាជន ក្នុងការផ្តល់អន្តរាគមន៍កន្លងមក និងដំណាក់កាលនៃការត្រៀមលក្ខណៈបន្តរបស់រាជរដ្ឋាភិបាលបន្តទៀតក្នុងការផ្តល់ការអន្តរាគមន៍បន្ទាន់ដល់ប្រជាជន ពិសេស ប្រជាជនក្រីក្រ ដើម្បីមានមូលដ្ឋានរឹងមាំ និងគ្រប់ជ្រុងជ្រោ យ សំដៅធានាដល់ការអនុវត្តឲ្យមានភាពស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាពលើការផ្តល់សេវាសង្គមកិច្ចដល់ក្រុមគោលដៅ ។

ដូច្នេះហើយ យើងជាសេនាធិការរបស់រាជរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីបានណែនាំផងដែរដល់អង្គភាពជំនាញទាំងអស់របស់ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្តទាំង២៥ ត្រូវបន្តធ្វើសកម្មភាពរបស់ខ្លួនឲ្យកាន់តែសកម្មបន្ថែមទៀតដើម្បីតាមដាននូវការប្រែប្រួលរបស់ប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើផែនការក្នុងការឆ្លើយតប និងផ្តល់ការអន្តរាគមន៍ទាន់ពេលវេលា ក្នុងការផ្តល់សេវាសង្គម។

ថ្ងៃ ចន្ទ ទី ២០ ខែ មេសា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen