កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

ដើម្បីសម្រេចបាននូវចក្ខុវិស្ស័យរយៈពេលវែង ប្រែក្លាយកម្ពុជាទៅជាប្រទេសមាន  ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ  និង យុទ្ធសាស្រ្តជាច្រើន ក្នុងនោះ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥  ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញក្នុងគោលបំណងលើកកម្ពស់សុខភាពមនុស្សគ្រប់រូប  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះជាងគេក្នុងសង្គម។ 

ឯកសារក្របខ័ណ្ឌនេះបានចែងពីរបៀបវារៈនយោបាយជាច្រើន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពមនុស្ស។ ការអភិវឌ្ឍមូលធនមនុស្សគឺជាផ្នែកមួយដែលមានចែងក្នុងឯកសារក្របខ័ណ្ឌ គោលនយោបាយនេះដែរ និងមានកម្មវិធី  និងសកម្មភាពភាពជាអាទិភាពជាច្រើនដែលបានកំណត់ ក្នុងនោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ  ក្នុងគ្រួសារក្រីក្រជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដែលត្រូវ បានកំណត់ជារបៀបវារៈនយោ បាយ  របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា។

កម្មវិធីនេះត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តចាប់តាំងពីខែមិថុនា  ឆ្នាំ២០១៩  មកម្លេះ ដែលក្នុងដំណាក់កាលដំបូងពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីត្រូវបានគ្រប់គ្រង និងអនុវត្តដោយក្រសួងសុខាភិបាល។ 

 

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០នេះ កម្មវិធីនេះត្រូវបានផ្ទេរមកក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទាជាអ្នកគ្រប់គ្រង  និងអនុវត្តបន្ត។

 

ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខ្ញុំសូមផ្សព្វផ្សាយវីដេអូរខ្លីស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនសាធារណ:ជន ជាពិសេសស្រី្តមានផ្ទៃពោះ  និងកុមារអាយុក្រោម២ឆ្នាំស្ថិតក្នុងគ្រួសារក្រីក្រ បានជ្រួតជ្រាប និងយល់ដឹងពីកម្មវិធី។ 

 

ខ្ញុំបាទសូមសំណូមពរសាធារណៈជន និងអ្នកលេងបណ្តាញសង្គមមេត្តាទស្សនាវីដេអូរនេះ  និងជួយចែកចាយបន្ត។​​ សូមអរគុណ!

ថ្ងៃ ចន្ទ ទី ២០ ខែ មេសា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen