រដ្ឋមន្រ្តី វង សូត អញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋទើបវិលត្រឡប់ពីប្រទេសថៃ

ព្រៃវែង៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯរដ្ឋមន្រ្តី វង សូត អញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋទើបវិលត្រឡប់ពីប្រទេសថៃ ហើយស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តមមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានគិតគូយ៉ាងខ្លាំងពីផលប្រយោជន៍ប្រទេសជាតិ និងសុខភាពប្រជាពលរដ្ឋ ដែលយើង ទាំង អស់គ្នា ត្រូវចូលរួមសហការដើម្បី សុខភាពខ្លួនឯង, គ្រួសារ និងដើម្បីប្រទេសយើងទាំងមូល នោះគឺការរួមគ្នាទប់ស្កាត់ការឆ្លង រីករាលដាលចំងឺកូវីត១៩ ដែលកំពុងរាតត្បាត នៅទូទាំងពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា នេះជា តួនាទី យើងទាំងអស់គ្នា ក្នុងទប់ស្កាត់ជំងឺកូវីត១៩ ដែលពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុងព្រួយបារម្មណ៍ ពីព្រោះជំងឺនេះ មិនទាន់មានថ្នាំព្យាបាលនៅឡើយ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណាកស្រុកមេត្តា យោគយល់ចំពោះវិធានការ មួយចំនួនរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ឯកឧត្តម វង សូត ក៏បានជម្រុញដល់អាជ្ញាធរ ភូមិ/ឃុំ ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែមទៀតចំពោះ សុខទុក្ខនិងតម្រូវការរបស់ពលរដ្ឋ ពិសេសត្រូវចុះដល់ខ្នងផ្ទះ និងសិក្សាថាតើគ្រួសារណាខ្លះដែលមានជីវភាពក្រីក្រ និងងាយ រងគ្រោះពិតប្រាកដដើម្បីក្រុមការងារជួយពួកគាត់បានទាន់វេលា និងចំគោលដៅ។

ក្នុងនោះឯកឧត្តម ក៏បានឧបត្ថម្ភ ចំពោះបងប្អូនចំណាក់ស្រុក មកពីថៃដែលស្ម័គ្រចិត្ត មកស្នាក់នៅដាច់ដោយឡែកផងដែរដើម្បី សម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់។

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម វង សូត ក៏បានផ្ដល់អំណោយ ម៉ាស៊ីនវាស់កម្ដៅចំនួន២៧ នឹងអាល់កុលចំនួន ២៧ ពីដុង ចំណុះ ៥លីត្រ ជែលលាងដៃ៣កេស ទូរសង្គ្រោះបឋមចំនួន១០ ឱសថសង្គ្រោះបឋមចំនួន ១០ឈុត និងថវិកាចំនួន៥លានរៀល សម្រាប់ទ្រទ្រង់មូលនិធិឃុំ ដើម្បីសម្របសម្រួលក្នុងការបង្ការ និងទប់ស្កាត់ នៅក្នុងមូលដ្ឋាន ជូនដល់ភូមិទាំង២៦ ក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រៅពីនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្ដល់អំណោយជូនដល់ប្រជាពលករ ដែលមានស្រុកកំណើត នៅឃុំជាច ដែលទើបត្រឡប់ពីប្រទេសថៃ ចំនួន២៤ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានសម្ភារៈ ឧបភោគបរិភោគ រួមមាន អង្ករ ៨០០គីឡូក្រាម មីយើង ចំនួន១៥កេស ត្រីខ ចំនួន៣កេស ប្រេងឆា ចំនួន៣កេស ក្រមាចំនួន១០០ ក្រមា និងថវិកាមួយចំនួនទៀតផងដែរ៕

ថ្ងៃ សុក្រ ទី ១០ ខែ មេសា ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen