ពិធីបើកការដ្ឋានជួសជុល និងសាងសង់​​ មណ្ឌលយុវនីតិសម្បទា

(កណ្តាល)៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឩត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់មណ្ឌលយុវនីតិសម្បទា នៅភូមិបាគួ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ស្ថិតក្នុងឱកាសនេះ ឯកឩត្តម បានមានប្រសាសន៍ថា ការបង្កើតឱ្យមានមណ្ឌលយុវនីតិសម្បទា មានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងអនីតិជន ផ្តល់ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។

ការបង្កើតឱ្យមានមណ្ឌលនេះ វាបានឆ្លើយតបទៅនឹងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង របស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះ ក៏បានគិតគូរពីវិធានការ ទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមារណកម្ម ពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។

មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារ ត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវ សាងសង់ថ្មីចំនួន៥ខ្នង។ តាមការគម្រោងទុក មណ្ឌលនេះ អាចសាងសង់រួចរាល់ដោយប្រើរយៈពេល១២ខែ។

ឆ្លៀតក្នុងឱកាសនោះ ឯកឩត្តមរដ្ឋមន្រ្តី វង សូត ក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៥០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ១បេ កន្ទេល១ មុង១ ភួយ១ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ មី១កេស និងថវិកាចំនួន៣ម៉ឺនរៀល៕

 

 

ថ្ងៃ ព្រហស្បតី៏ ទី ២០ ខែ កុម្ភ ឆ្នាំ ២០២០ អត្ថបទ និងរូបភាពដោយ Than bunhen