អង្គការចំនួន១៣ ក្នុងទំហំទឹកប្រាក់សរុប ១៤.២៨៣.៨៣៦ ដុល្លារ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប

ទីស្តីការក្រសួង៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន១៣ ក្នុងទំហំទឹកប្រាក់សរុប ១៤.២៨៣.៨៣៦ ដុល្លារសហរដ្ឋអាមេរិក ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់ទៅលេីវិស័យសុខុមាលភាពកុមារ។

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង (MoU)នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៩ ក្រោមធិបតីភាព ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គការទាំង១៣ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួង ស.អ.យជាច្រើនរូបទៀតផងដែរ។

អង្គការទាំង១៣នោះរួមមាន៖

១.អង្គការ សកលវិទ្យាល័យអន្តរជាតិសម្រាប់ប្រជាជាតិ
២អង្គការមិត្តសំឡាញ់
៣. អង្គការថែរក្សា និងអប់រំមនុស្សសំរាប់កម្ពុជា
៤. អង្គការ អភិវឌ្ឍន៍ចំរូតនៃជាតិខ្មែរ
៥. អង្គការ Friend International
6. អង្គការ ហូលថ៍អន្តរជាតិ


៧. អង្គការ សង្គ្រោះ និងអភិវឌ្ឍន៍កុមារកំព្រា ស្រ្តីមេម៉ាយ
៨. អង្គការ ជំរកគ្មានទីពឹង
៩. អង្គការ កុមារកូនកសិករ
១០. អង្គការ មូលនិធិអ៊ឺរ៉ុបសម្រាប់កុមារកម្ពុជា
១១. អង្គការ ជំរុំកុមារដែលម៉ុនកម្ពុជា
១២. អង្គការ Safe Place Mission
១៣. អង្គការ Cambodia Neighbor
ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួង ស.អ.យ វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ ដើម្បីជួយដល់ជនរងគ្រោះ ងាយរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត ពិសេសបញ្ហាសុខុមាលភាពកុមារ។

បន្ថែមពីលើនោះទៀត ឯកឧត្តម បានបន្ថែមថា រាល់អង្គការដៃគូទាំងអស់ដែលបានចុះកិច្ចព្រមព្រាងជាមួយក្រសួងសូមធ្វើប្រតិបត្តការទៅតាមលក្ខណ្ឌហើយសុំធ្វើតែកិច្ចការការងារសង្គមតែប៉ុណ្ណោះ មិនត្រូវធ្វើការងារនយោបាយឡើយ ប្រសិនបើក្រសួងរកឃើញថា អង្គ្កការណាមួយមិនបានគោរពតាមលក្ខណ្ឌនៃកិច្ចព្រមព្រាង យកការងារសង្គមមកធ្វើជាការងារនយោបាយ ក្រសួងនឹងបញ្ចប់កិច្ចព្រមព្រាងភ្លាមនឹងឈានដល់បញ្ឈប់សកម្មភាព៕

 
 
 
   
 
 
 
ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen