ពិធីប្រគល់ផ្ទះ១ខ្នងរបស់មូលនិធិជនពិការ (ម.ជ.ព.) ជូនលោក ភា បឿន ជាជនពិការក្រីក្រ

បាត់ដំបង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ១ខ្នងរបស់មូលនិធិជនពិការ(ម.ជ.ព.) ជូនលោក ភា បឿន ជាជនពិការក្រីក្រ នៅខេត្តបាត់ដំបង ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងកម្មវិធីនេះ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានឱ្យដឹងថា កម្មវិធីសាងសង់ផ្ទះនេះគឺបានប្រើប្រាស់ថវិកាមួយផ្នែក ជាអំណោយរបស់សប្បុរសជនដែលបានបរិច្ចាកថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដោយអស់ថវិកាសរុប ១៤.២៨០.០០០ រៀល ដោយឡែកថវិកាមួយផ្នែកទៀត កន្លងមកម.ជ.ព.បានប្រើប្រាស់លើការទិញអំណោយសប្បុរសធម៌សម្រាប់ផ្តល់ជូនដល់ជនពិការក្រីក្រចំនួន ៨៩១នាក់។

ក្នុងថ្ងៃនេះផងដែរ ម.ជ.ព.បានផ្តល់ផ្ទះមួយ និងអំណោយសប្បុរសធម៌មួយចំនួនដល់លោក ភា បឿន រួមមាន៖ ថវិកា២០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ០២យួរ ទឹកស៊ីវអ៊ីវ០១យួរ ទឹកត្រី០១យួរ អំបិល០២កញ្ចប់ មី០១កេស មុង០១ ភួយ០១ កន្ទេល០១ និងសម្លៀកបំពាក់ ១កញ្ចប់។

នាឱកាសនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនជនពិការ តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម។

ឯកឧត្តមបន្តថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានជម្រុញឱ្យជនពិការបានទទួលការគាំពារពីរាជរដ្ឋាភិបាល ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្ររបស់ ម.ជ.ព.នេះ គឺបានជួយលើកកម្ពស់ដល់ជីវភាពរបស់ជនពិការក្រីក្រ ក្នុងការរស់នៅប្រកបដោយសុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់សោរផ្ទះជានិមិត្តរូបនៃការប្រគល់ផ្ទះជូនជនពិការក្រីក្រ និងបានផ្តល់ជូនថវិកាដល់ប្រជាពលរដ្ឋដែលបានចូលរួម ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៣០.០០០រៀលផងដែរ៕

ថ្ងៃ សុក្រ ទី ១១ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen