ពិធីអបអរសាទរខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា

បាត់ដំបង)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១០ ខែតុលា ឆ្នាំ២១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា មិនត្រឹមតែជួយលើកស្ទួយសុខុមាលភាពមនុស្សចាស់ឲ្យមានភាពកាន់​តែប្រសើរតែ​ប៉ុណ្ណោះទេ តែក៏ត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយជាតិកាត់បន្ថយភាពក្រីក្រ និងបង្កើតមណ្ឌល​បណ្ដុះ​បណ្ដាល​អ្នកថែទាំមនុស្សចាស់ សំដៅដល់ការមើលថែមនុស្សចាស់ដែលគ្មានទីពឹងឲ្យបានល្អប្រសើរ និងមានភាពកក់ក្ដៅក្នុងជីវិតរស់នៅផងដែរ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស​ចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាល​ភាពមនុស្សគ្របវ័យ ក្នុងសង្គមជាតិនៅកម្ពុជា»។

ឯកឧត្តម វង សូត បានបញ្ជាក់យ៉ាងដូច្នេះថា «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលានេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារមនុស្សចាស់សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញ​ពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិផងដែរ»។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតសមាគមមនុស្សចាស់ចំនួន ១,៦៤៦ឃុំ-សង្កាត់​ នៅទូទាំងរាជធានី-ខេត្ត ក្នុងគោលបំណងរួមចំណែកក្នុងការជួយសម្រួលទុក្ខលំបាក និងបានដឹងពីសុខុទុក​របស់មនុស្សចាស់នៅតាមសហគមន៍ ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោល​នយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។

ឯកឧត្តមបានបន្តថា ទន្ទឹមនិងនោះ ក្រសួងបានផ្ដល់ការលើកទឹកចិត្តដល់អង្គការដៃគូដែលបាននិងកំពុង​អនុវត្តគម្រោងលើក​ស្ទួយសុខុមាល​ភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។ ជាក់ស្ដែងក្រសួងបានសហការជា​មួយអង្គការជួយជនចាស់​ជរាអន្តរជាតិកម្ពុជាបង្កើតកម្មវិធីថែទាំងមនុស្សចាស់តាមលំនៅដ្ឋានដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០៤ នៅតាមបណ្ដាលខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, និងបន្តអនុវត្តនៅបណ្ដាលខេត្តផ្សេងទៀត ក្រោមការឧបត្ថម្ភមូលនិធីពីកិច្ចសហប្រតិបត្តិការកូរ៉េ-អាស៊ានផងដែរ។

ឯកឧត្តមបន្ថែមថា ដើម្បីធានាដល់ការគ្រប់គ្រងការងារមនុស្សចាស់ឲ្យបានល្អប្រសើរ លោកក៏សូមយកឱកាសនេះផ្ដល់នូវអនុសាសន៍​ចំនួន៥ចំណុច ដែលក្នុងនោះរួមមាន៖

១៖ បន្តរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តជាតិ ០១ តុលាជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
២៖ បន្តផ្សាព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់  ២០១៧-២០៣០ ឲ្យបានទូលំទូលាយ
៣៖ ត្រូវរៀបចំផែនការសកម្មភាព ផ្ដោតលើចក្ខុវិស័យវែងឆ្ងាយពិសេស ត្រូវបន្ស៊ីជាមួយផែនការ និងគោលនយោបាយផ្សេងៗរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម
៤៖ ជំរុញរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ជំនួយសង្គមសម្រាប់មនុស្សវ័យចាស់ក្រីក្រគ្មានទីពឹង ដែលជាសេវាកមួយផ្ដល់អត្ថប្រយោជន៍ក្នុងការគាំពារ និងឧបត្ថម្ភដល់ជីវភាពរបស់មនុស្សចាស់
៥៖ ជំរុញការផ្ដល់ការលើកទឹកចិត្តដល់អង្គការដៃគូពាក់ព័ន្ធ ជាពិសេសអង្គការជួយជនចាស់ជរាអន្តរជាតិកម្ពុជា បន្តអនុវត្តគម្រោងមួយចំនួនក្នុងទិសដៅលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ផងដែរ។

ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហគមន៍ជាតិ-អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀតលើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសង្គមសម្រាប់មនុស្សចាស់៕

 

 

ថ្ងៃ ព្រហស្បតី៏ ទី ១០ ខែ តុលា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen