មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី នៅខេត្តកណ្ដាល ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់

 (កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះបងប្អូនដែលជាជនរងគ្រោះ និងងាយរងគ្រោះមានវិបល្លាសស្មារតី​ឲ្យទទួលបាន​សេវា​ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាល្អ ប្រសើរឡើងវិញ។

ជាពិសេស ការសាងសង់នេះ ក៏ស្របជាមួយការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ លើគ្រប់វិស័យ ជាពិសេសវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងបរិយាកាសដែលប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពសង្គមយ៉ាងល្អ ពេញលេញសំដៅជំរុញ និងលើកកម្ពស់សុខុមាលភាពជនរងគ្រោះ និងងាយរងគ្រោះឲ្យមានការវិវត្តន៍រីក​ចម្រើន​ស្របតាមបំណងប្រាថ្នារបស់ប្រជាជន ដែលមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានអះអាងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការគិតគូរផលប្រយោជន៍ប្រជាជនទូទៅជាពិសេស​ប្រជាជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ តាមរយៈការរៀបចំឲ្យមាននូវបទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ព្រមទាំងយន្តការ ដើម្បីគាំទ្រដល់វិស័យសង្គមកិច្ច រួមមាន ការបង្កើតឲ្យមាននូវមជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មជ្ឈមណ្ឌលយុវនិតិសម្បទា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មជ្ឈមណ្ឌលសំចត ប៉ោយប៉ែត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ មជ្ឈមណ្ឌល​គាំពារមាតានិងទារក ការឧបត្ថម្ភជនក្រីក្រដែលមកសម្រាកព្យាបាល និងសម្រាលកូនតាមរយៈមូលនិធិសមធម៌ និងការផ្តល់​សេវា​អប់រំជាដើម។

ក្នុងនោះការកសាងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី គឺជាកិច្ចខិតខំ និងការប្តេជ្ញាចិត្តបន្ថែមទៀត​របស់​រាជរដ្ឋាភិបាលក្នុងការ
លើកស្ទួយសិទ្ធិពលរដ្ឋ ដែលជាផ្នែកមួយនៃសិទ្ធមនុស្សឲ្យទទួលបាននូវសេវាព្យាបាល ថែទាំ និងសុខុមាលភាពជនវិបល្លាសស្មារតីក្នុងសង្គម ដើម្បីធ្វើឲ្យសង្គមខ្មែរជាសង្គមមួយប្រកបដោយបរិយាប័ន្ន។

ដូច្នេះការសាងសង់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី នេះឡើង មិនមែនជាកត្តា ចៃដន្យនោះទេ ប៉ុន្តែវាជាពេល​វេលាសមស្របបំផុតមួយ ជាមួយនឹងការរីកចម្រើននូវសេដ្ឋកិច្ច និងសង្គម គឺត្រូវការគិតគូរប្រកបដោយយុទ្ធសាស្រ្ត ក្នុងការយក​ចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាលភាពរបស់ប្រជាជន ដែលជាវិស័យឆ្អឹងខ្នងគ្របដណ្តប់លើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ជឿជាក់ថា មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងប្រមូលផ្ដុំមួយសម្រាប់ ជនវិបល្លាសស្មារតី នៅទូទាំងប្រទេស ក្នុងការផ្តល់សេវាថែទាំ ព្យាបាល និងស្តារនីតិសម្បទា៕

ថ្ងៃ ចន្ទ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen