ពិធីប្រកាសបើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម វង សូត ឆ្នាំ២០១៩

ទីស្តីការក្រសួង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រកាសបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម វង សូត នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩៕

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានលើកឡើងថា កីឡាធ្វើឲ្យយើងបង្កើតបាននូវសុខភាព មិត្តភាព សាមគ្គីភាព ភាតរភាព រវាងស្ថាប័នមួយទៅស្ថាប័នមួយទាំងក្របខណ្ឌរដ្ឋ ក៏ដូចជាឯកជន និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខផ្សាងៗ។ ក្រៅពីនោះ ក៏មានការបណ្តុះគំនិតឲ្យក្មួយៗ ចេះស្រឡាញ់វិស័យកីឡា ពិសេសកីឡាបាល់ទាត់ ដែលជាកីឡាកំពុងតែពេញនិយមផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានក្រើនរំលឹកដល់កីឡាករ ថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជំនះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗទៀតបាន។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់  ៉ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៉៉ បានធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើឧបាយមុខ ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។

បើយោងតាមរបាយការណ៍របស់ លោក ស៊ីម សុធន ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» បានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០០៦ ដោយបានប្រកួតជាមិត្តភាពជាមួយក្រសួងស្ថាប័នផ្សេងៗជាច្រើនលើក។ ការប្រកួតនេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៩៕

ថ្ងៃ ព្រហស្បតី៏ ទី ២២ ខែ សីហា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen