ក្រសួង ស.អ.យ ចុះកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន២ ក្នុងទំហំទឹក ប្រាក់ប្រមាណជាង២លានដុល្លារ

ទីស្តីការក្រសួង៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន២ ក្នុងទំហំទឹកប្រាក់ប្រមាណជាង២លានដុល្លារសហរដ្ឋអាមេរិក ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់លើការអប់រំកុមារពិការ និងស្តី្រពិការ។

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង (MoU)នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមធិបតីភាព ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការរួមពីថ្នាក់ដឹកនាំអង្គការទាំង២ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួង ស.អ.យជាច្រើនរូបទៀតផងដែរ។

អង្គការទាំង២នោះរួមមាន៖

១. អង្គការ ឡៃហ្វ័រឌឺវើល (LIGHT FOR THE WORLD)

២.អង្គការ សាលារៀនទន្សាយ

ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា ។

ជាមួយគ្នានោះ ឯកឧត្តម តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួង ស.អ.យ វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

អង្គការទាំង២ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួង ស.អ.យ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងធ្វើសកម្មភាពជួយដល់ជនពិការដែលជាកុមារ និងស្ត្រីពិការ នៅកម្ពុជា បញ្ជាក់ផងដែរ បច្ចុប្បន្នអង្គការដែលបានចុះកិច្ចព្រមព្រៀង​ជាមួយក្រសួង ស.អ.យ មានចំនួន១៣៣អង្គការមកទល់នាពេលនេះ៕

ថ្ងៃ ព្រហស្បតី៏ ទី ០១ ខែ សីហា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen