ឯកឧត្តម វង សូត អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ ដើម្បីពិនិត្យសម្រេចលើផែនការយុទ្ធសាស្រ្ត ស្តីពីអភិវឌ្ឍន៍កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ ឆ្នាំ២០១៩-២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានាឲ្យបាននូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា ។

ឯកឧត្តម បានបន្ថែមថា ផ្តើមចេញពីកិច្ចការខាងលើ រាជរដ្ឋាភិបាល បានកំណត់ការងារកុមារជាការងារអាទិភាពមួយ នៅក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ គោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច គោលនយោបាយថែទាំជំនួសចំពោះកុមារ បទដ្ឋាននិងគោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារកុមារកំព្រានិងកុមារងាយរងគ្រោះ គោលការណ៍ការពារសិទ្ធិកុមាររងគ្រោះដោយសារការជួញដូរ គោលនយោបាយជាតិស្តីពីអាហារូបត្ថម្ភ យុទ្ធសាស្រ្ត ជាតិស្តីពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងគោលការណ៍ណែនាំសម្រាប់ការអនុវត្តការចូលរួមរបស់កុមារជាដើម ដើម្បីលើកស្ទួយឧត្តមប្រយោជន៍កុមារ និងលើកកម្ពស់គោលការណ៍សិទ្ធិចម្បងទាំង៤ របស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរូម។ កន្លងទៅថ្មីៗនេះ ក្រសួងបាននិងកំពុងជំរុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

ផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមាររបស់ ក.ជ.ក សម្រាប់រយៈពេល៥ ឆ្នាំ ២០១៩-២០២៣ ដែលនឹងលើកយកមកពិភាក្សានាពេលនេះ គឺជាផែនការមួយរបស់ប្រទេសកម្ពុជា ក្នុងការបង្ហាញផ្លូវ និងជាផែនការគោលសម្រាប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំ និងអនុវត្តកម្មវិធីដែលផ្តោតលើកុមារ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ ផែនការសកម្មភាពជាតិនេះ ក៏បានបង្ហាញអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងកុមារខ្លួនឯង ក្នុងការចូលរួមសម្រេចឱ្យបាននូវការកែលម្អ ស្ថានភាពរបស់កុមារកម្ពុជា ដើម្បីទទួលបានសិទ្ធិ និងឱកាសស្មើភាពគ្នា សម្រាប់ការរីកលូតលាស់ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម។

ជារួម រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៅឆ្នាំ១៩៩៥ ដែលជាយន្តការសម្របសម្រួល និងផ្តល់យោបល់លើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការរួមចំណែករបស់កុមារ និងធ្វើរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជូនរាជរដ្ឋាភិបាល ដើម្បីផ្ញើជូនគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិតាមកាលកំណត់។ ជាក់ស្តែង នៅឆ្នាំ២០១៥ កន្លងទៅ ប្រតិភូអន្តរក្រសួងបានទៅបំភ្លឺរបាយការណ៍ជូន គណៈគម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដោយទទួលបានលទ្ធផលល្អ ពិសេសបានបង្ហាញពីការខិតខំរបស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសមិទ្ធផលនានាផ្សេងទៀតដែលកម្ពុជាបានបំពេញកាតព្វកិច្ចទៅតាមអនុសញ្ញាសិទ្ធិកុមារដែលបានផ្តល់សច្ចាប័នរួច៕

 

 

ថ្ងៃ ពុធ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen