ឯកឧត្តម វង សូត អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារ

ទីស្តីការក្រសួង៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការដឹកនាំការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងធ្វើការពិភាក្សា និងផ្តល់យោបល់លើសេច្ចក្តីព្រាង​ចុងក្រោយ នៃសូចនាករ​ក្របខ័ណ្ឌត្រួតពិនិត្យកិច្ចការពារកុមារចំនួន៦២សូចនាករ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រៀមនឹងដំឡើងក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមបានបន្ថែមថា សម្រាប់អាណត្តិទី៦នេះ រាជរដ្ឋាភិបាល បានបង្កើនការ​យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញា​ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមពាក់ព័ន្ធនានា ​ដើម្បីឆ្លើយតបទៅនឹង​តម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ​។ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងអស់នេះ គឺដើម្បីឱ្យកុមារទទួលបាននូវការរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវ​វិធានការជាច្រើន រួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើន៕

ថ្ងៃ អង្គារ ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen