

ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១២ ថ្ងៃទី២១ មិថុនា
ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១២ ថ្ងៃទី២១ មិថុនា នាសាលមហោស្រពកោះពេជ្រ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកអំពីវីរភាព និងគុណ បំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយថាការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា អតីតយុទ្ធជនពិតជាបានលះបង់ ខ្ពស់បំផុតនៅក្នុងកំឡុងពេលដែលប្រទេសជាតិមានសង្គ្រាម តែថាការធ្វើសង្គ្រាមមិនអាចបញ្ចប់ សង្គ្រាមនៅកម្ពុជាបានទេ។ ផ្ទុយទៅវិញសង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅវិញទេ។
ក្នុងឱកាសដ៏មហាលឡារឹក ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន គូសបញ្ជាក់ថា គុណចំណាច់របស់អតីតយុទ្ធជន គឺមិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាល ឱ្យសក្តិសមទៅនឹងអ្វីដែលបងប្អូនជាអតីតយុទ្ធជនបានលះបង់ពលីទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានបន្ថែមថា សម្រាប់ទិវានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចេញនូវសារលិខិត មួយច្បាប់ដើម្បីអបអរសាទរចំពោះទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១២ នេះផងដែរ ដោយសម្តេច បានលើកឡើងពីពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជានៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជន ចំនួន ៨ម៉ឺន ៩ពាន់ ៧២២នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៣ម៉ឺន ១ពាន់ ៩៨៦នាក់ កំពុងទទួល បានប្រាក់របបគោលនយោបាយពីរដ្ឋដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាម កំណើនសេដ្ឋកិច្ចជាតិ,ការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
នាឱកាសដ៏មានអត្ថន័យនេះដែរ បងប្អូនអតីតយុទ្ធជនដែលចូលរួមក្នុងពិធីត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងម្នាក់ៗទទួលបានថវិការចំនួន២០០.០០០រៀល៕