ពិធីផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពជូនជនពិការ ក្រីក្រនៅតាមសហគមន៍

រាជរដ្ឋាភិបាលអាណត្តិទី៦នេះ បានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ និងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ផ្អែកលើយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ចតុកោណទី១ ត្រង់មុំទី៣៖ ការលើកកំពស់សេវាសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ ដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព និងមុំទី៤៖ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិ។

ទាំងនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោៈ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ពិសេសកុមារកំព្រា កុមារងាយរងគ្រោះ ស្តី្រ ជនចាស់ជរា ជនពិការ ជនពិការក្រីក្រ អតីតយុទ្ធ អតីតមន្រ្តីរាជការស៊ីវិល គឺមិនទុកឱ្យជនរងគ្រោះណាម្នាក់ដោយមិនបានទទួលការយកចិត្តដាក់ពីរដ្ឋាភិបាលនោះឡើយ។

ចំពោះជនពិការ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដោយដាក់ចេញនូវយន្តការមួយចំនួនសម្រាប់លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការដើម្បីឱ្យពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពក្នុងសង្គម។​

ក្នុងការរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាព របស់បងប្អូនជនពិការក្រសួង ស.អ.យ បានបង្កើត និងអនុវត្តកម្មវិធីជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនជនពិការ។

ជាក់ស្តែង ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៥ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ុម សុវត្ថារ៉ា នាយករង តំណាង លោក ជួរ រតនៈ នាយកមូនិធិជនពិការ និងក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី លោក លី សុខធី ប្រធានមន្ទីរ ស.អ.យ ខេត្តកណ្តាល ចុះផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការក្រីក្រនៅតាមសហគមន៍ ចំនួន១៣៥នាក់ នៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងបរិវេនសាខាធនាគារអេសុីលីដាឃុំព្រែកអញ្ចាញ។

ក្នុងរយៈពេលចុះផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពជូនជនពិការក្រីក្រនៅតាមសហគមន៍ មានចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃ​ទី០៤ រហូតដល់ថ្ងៃទី០៧ ខែមិថុនា មានចំនួន០៧ឃុំ នៃស្រុកមុខកំពូល ខេត្តកណ្តាលដែលមានជនពិការក្រីក្រសរុប ១.៦៥៣នាក់។​

គួសបញ្ជាក់​ថា សម្រាប់ឆ្នាំ២០១៩នេះ កម្មវិធីផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពជូនជនពិការក្រីក្រនៅតាមខេត្តមួយចំនួនដូចជា ខេត្ត​ត្បូងឃ្មុំចំនួន ២.០០៩នាក់ ព្រៃវែង ១.៦៣៥នាក់ ស្វាយរៀង​១.៦៩៨នាក់ ប៉ៃលិន ១.៣១២នាក់ កំពង់ចាម ៦៣៤នាក់ កណ្តាល ១.៦៥៣នាក់ កំពង់ធំ ៣១៣នាក់ កំពង់ស្ពឺ​៤២២នាក់ បាត់ដំបង១.៤៧២នាក់ និងពោធិ៍សាត់​៤៨០នាក់៕

ថ្ងៃ ពុធ ទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen