កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជន លើកទី១៤ អាណត្តិទី៣

ទីស្តីការក្រសួង៖ ថ្ងៃចន្ទ ០៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ មាន កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជន លើកទី១៤ អាណត្តិទី៣ និងប្រកាសសមាសភាពនាយកបេឡាជាតិអតីតយុទ្ធជន ក្រោមធិបតីភាព ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងពិធីនេះ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជន បានលើកឡើងថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ទទួលបានការបន្ថែមរបបសន្តិសុខសង្គមជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពជា។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ចំនួន៥ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ។

ឯកឧត្តម សំហេង បុរស បានលើកឡើងទៀតថា យោងតាមអនុក្រឹត្យលេខ៤៨ អនក្រ.បក ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែនិងដំឡើង ដូចខាងក្រោម៖
កម្រិត១៖  របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៤៨០ ០០០(សែសិបប្រាំបីម៉ឺន)រៀល ដល់ ៥៣០ ០០០(ហាសិបបីម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៥៦០ ០០០ (ហាសិបប្រាំមួយ ម៉ឺន)រៀល ក្នុង១ (មួយ)ខែ
កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៥៣០ ០០១ (ហាសិបបីម៉ឺនមួយ) រៀល ដល់ត្រឹម ៨០០ ០០០ (ប៉ែតសិបម៉ឺន)រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ៣០ ០០០ (បីម៉ឺន)រៀល ក្នុង ១ (មួយ)ខែ!
កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១ (ប៉ែតសិបម៉ឺនមួយ) រៀល ដល់ត្រឹម ៨១០ ០០០(ប៉ែតសិបមួយម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៨៣០ ០០០ (ប៉ែតសិបបីម៉ឺន)រៀល ក្នុង ១ (មួយ)ខែ
កម្រិត៤៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៨ ១០ ០០១ (ប៉ែតសិបមួយម៉ឺនមួយ)រៀល ឡើងទៅ ត្រូវផ្តល់ជូនបន្ថែម ២០ ០០០ (ពីរម៉ឺន)រៀល ក្នុង១ (មួយ)ខែ។

របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជនប្រចាំខែ ដែលបានកំណត់ក្នុង ខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម សំហេង បុរស បានបន្ថែមថា  នេះគឺជាផ្តល់ការលើកទឹកចិត្ត និងជាការបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដល់បងប្អូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលនាពេលនេះ នឹងកាន់តែធ្វើឲ្យបងប្អូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន មានជីវភាពល្អប្រសើរជាងមុនផងដែរ។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលក៏បានប្រកាសសមាសភាពលោកហុងហ៊ានជានាយកបេឡាជាតិ​អតីតយុទ្ធជនផងដែរ។

បន្ទាប់មក លោក ហុង ហ៊ាន ជានាយកបេឡាជាតិអតីតយុទ្ធជន បានប្រកាសប្តេជ្ញាចិត្តថាខិតខំដឹកនាំការងារបេឡាជាតិ​អតីតយុទ្ធជនដើម្បីបន្តនិរន្តភាពលើជំនាញបច្ចេកទេសក្នុងការពង្រីកការអនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗសំដៅបំរើការផ្តល់សេវា និងផល​ប្រយោជន៍​​ដែល​​ជា​​គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជាចំពោះអតតីយុទ្ធជនដែលមានក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា​ជាអាណាព្យាបាលផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាព្យាបាលហិរញ្ញវត្ថុ៕

ថ្ងៃ អង្គារ ទី ០៩ ខែ មេសា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen