ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសសួង ស.អ.យ អនុញ្ញាតឱ្យលោកស្រី ស៊ូ បាម៉ូទី​​​​​​​​​​​ នាយកអង្គការ SOS អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីស្តីការក្រសួង: ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា បាន​មានប្រសាសន៍ថា អង្គការ SOS បានយកចិត្តទុកដាក់ ជួយដល់សុខុមាលភាពកុមារដែលរងគ្រោះនិងងាយរងគ្រោះ​ជាច្រើននៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានស្នើដល់នាយកអង្គការ SOS អន្តរជាតិ ពិនិត្យលទ្ធភាពដើម្បីបង្កើតភូមិកុមារ SOSមួយនៅខេត្តត្បូងឃ្មុំ។

ជាការឆ្លើយតប លោកស្រី ស៊ូ បាម៉ូទី នាយកអង្គការ SOS បានទទួលយកនូវសំណើនេះ ហើយលោកស្រី បានជម្រាបជូនថា លោកស្រី នឹងឲ្យក្រុម​ការងារចុះ​ធ្វើការសិក្សាអំពីស្ថានភាពកុមារ នៅក្នុងខេត្តនេះ បន្ទាប់មកនឹងស្វែងរកដៃគូអភិវឌ្ឃន៍ជួយគាំទ្រក្នុងពេលឆាប់ៗ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានថ្លែងការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង រាល់សកម្មភាពកាងាររបស់អង្គការ SOS នៅកម្ពុជាដែលបានអនុវត្តនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូន លោកស្រី ស៊ូ បាម៉ូទី ថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ គាំពារសង្គមសំដៅ បង្កើតនូវ ​សេវាសា​ធារណៈ​ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ ជួយដល់ស្រ្តីមានផ្ទៃពោះ និងកុមារដើម្បីឲ្យ ពួកគេកាន់តែមានភាពប្រសើរឡើងថែមទៀត។

 លោកស្រី បានឲ្យដឹងទៀតថា អង្គការ SOS បានចាប់ផ្តើមធ្វើសកម្មភាពកម្មវិធីកាងាររបស់ខ្លួន នៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈ​ពេល២០ឆ្នាំហើយ។ អង្គការ SOS បានជួយដល់កុមារកម្ពុជា បានចំនួន៨៣២នាក់ ដោយបានធ្វើការបណ្តុះបណ្តាល ដល់ពួកគេឲ្យទទួល បានចំណេះដឹង ចំណេះធ្វើ និងមុខជំនាញច្បាស់លាស់ ដើម្បីឲ្យពួកគេអាចប្រកបមុខរបរចិញ្ចឹមជីវិត ដោយខ្លួនឯងបាន។

ក្រៅពីនេះ អង្កការ SOS មានកម្មវិធីពង្រឹងគ្រួសារដោយផ្តោតលើការថែរក្សាសុខភាពមាតា និងទារកមុនពេលសម្រាល និងក្រោយពេលសម្រាលបាន ចំនួន​១៥០០នាក់។ ជាមួយគ្នានេះ អង្គការក៏បានបង្កើតនូវមណ្ឌលសុខភាពមាតា និងទារកមួយកន្លែង នៅក្នុងខេត្តបាត់ដំបង ដែលបច្ចុប្បន្ននេះ មានស្រ្តី និងកុមារ​ទៅពិនិត្យជំងី ដោយឥតថ្លៃ ក្នុងមួយថ្ងៃៗ មានប្រមាណ១៥០នាក់។

 សូមបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំនេះ អង្គការ SOS បានបង្កើតភូមិកុមារ SOS បានចំនួន៧ នៅតាមបណ្តាខេត្ត និងភូមិកុមារ SOS មួយ បាននឹង កំពុងដំណើរការសាង់សង់ ក្នុងខេត្តព្រៃវែង។ បន្ទាបពីភូមិមួយនេះ ធ្វើរួចហើយ អង្កការ SOS នឹងបន្តបង្កើតភូមិកុមារ SOS ​បន្ថែមទៀត នៅខេត្តត្បូងឃ្មុំ៕

 

 

ថ្ងៃ ចន្ទ ទី ១១ ខែ មិនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen