អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩

ទីស្តីកាក្រសួង៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ" លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស" ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩៕

ក្នុងពិធីនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីបានមានប្រសាសន៍ថា  រាជរដ្ឋាភិបាល តែងតែបង្កឱកាសឱ្យស្ត្រីមាន ឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ជាក់ស្តែងក្នុងជួររាជរដ្ឋាភិបាល ស្ត្រីបានទទួលឋានៈតួនាទីជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង ស្ថាប័ននានា ដែល បញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដល់ស្ត្រី ក្នុងសកម្មភាពសង្គម តាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគណៈកម្មកា​រសាខាសមាគមនារី ​​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំទិវានេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការ យកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់ បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមឲ្យដឹងថា ក្នុងអាណត្តិទី៥នេះ ក្រសួងសង្គមកិច្ច មានមន្រ្តីរាជការជាស្តី្រ សរុបចំនួន ៣៣៧នាក់ ដែលមានតួនាទីចាប់ពី អនុប្រធានការិយាល័យ រហូតដល់រដ្ឋលេខាធិការ និងមន្រ្តីជាប់កិច្ច​​ស​ន្យាស្រ្តីចំនួន ២២៤នាក់ កំពុងបម្រើការងារជូនក្រសួងផងដែរ។

តាមរយៈទិវានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបុរសជាមន្ត្រីបុគ្គលិកទាំងអស់ ជ្រួតជ្រាបអំពីបញ្ហា យេនឌ័រ រួមសហការ លុបបំបាត់ភាពហិង្សាក្នុងគ្រួសារ ការរើសអើង ចំពោះស្ត្រី ហើយបង្កលក្ខណៈ ឱ្យនារីមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមគ្រប់សកម្មភាព របស់ក្រសួង និងសង្គម។

បន្ថែមពីលើនេះ ឯករដ្ឋមន្រ្តី បានគួរបញ្ជាក់ឲ្យដឹងថា ជាការប្តេជ្ញាចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នូវអាទិភាព៤ ចំណុច មានជាអាទិ៍ដូចជា ៖ការបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ ការធានានូវការការពារ ព្រមទាំងការចូលរួមពេញលេញ និងស្មើភាពរបស់ស្ត្រី នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត នៅគ្រប់កម្រិត ការពង្រឹងយន្តការគណនេយ្យភាព សម្រាប់សមភាព យេនឌ័រ ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងសេដ្ឋកិច្ច និងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងឈានទៅសម្រេចឱ្យបាននៅឆ្នាំ២០៣០៕

 

ថ្ងៃ ព្រហស្បតី៏ ទី ០៧ ខែ មិនា ឆ្នាំ ២០១៩ អត្ថបទ និងរូបភាពដោយ Than bunhen